ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៤ សំដៅបូកសរុបសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអាទិភាព សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្ដមជាសមាជិក គ.យ.ប. និង ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គ.យ.ប.។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចជូនអង្គប្រជុំថា ផ្អែកតាមក្របខ័ណ្ឌពេលវេលានៃក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (M&E-PS1), ក្រសួង ស្ថាប័នត្រូវរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ យ៉ាងយូរ ២ខែ បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីរាយការណ៍អំពីអត្រាសម្រេចបាននៃចំណុចដៅរបស់សូចនាករសមិទ្ធកម្មគន្លឹះ (KPI) ដែលបានកំណត់។ របាយការណ៍វឌ្ឍនភាពឆ្នាំ២០២៤ នេះ គឺជារបាយការណ៍វឌ្ឍនភាពលើកទី១ នៃការតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាកិច្ចការយុទ្ធសាស្រ្តផង និងជាឧបករណ៍និងទុនផង សម្រាប់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំ និងតម្រង់ទិសលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យបានជោគជ័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបន្តកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ហើយការរៀបចំរបាយការណ៍វឌ្ឍនភាពនេះ គឺមានសារៈសំខាន់ ដើម្បីវាស់វែងសមិទ្ធកម្មនៃការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយតម្រង់ទិស និងដាក់ចេញនូវវិធានការអន្តរាគមន៍នានា។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកមុខងារ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ជាមុខងារយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល និងបានស្នើឱ្យមានការផ្សារភ្ជាប់កិច្ចការនេះទៅនឹងការកែទម្រង់មុខងារសាធារណៈ ជាពិសេសប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលសម្រេចបានជាច្រើនលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមមាន៖ កំណើនសេដ្ឋកិច្ច សន្តិសុខនិងយុត្តិធម៌សង្គម ភាពក្រីក្រ គ្រោះមហន្តរាយ មុខងារសាធារណៈ ការអប់រំ សុខាភិបាល គាំពារសង្គម ការងារ ការវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម កសិកម្ម និងការអភិវឌ្ឍជនបទ ជាដើម។ ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលក្រសួង ស្ថាប័នបានជួបប្រទះ ដូចជា កង្វះកិច្ចសហការរវាងគ្នានឹងគ្នា, កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេកទេស។ល។ លទ្ធផលនៃកិច្ចការតាមដាននិងត្រួតពិនិត្យនេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័នលើការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះនានា ដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ធាតុចូល ព្រមទាំងបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីឱ្យការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៤ នេះ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ដែលបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការវិភាគទិន្នន័យ និងពិនិត្យលើធាតុចូលដែលទទួលបាន ដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពនេះ។ ជាចុងក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យតំណាងក្រសួង ស្ថាប័នរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះជូនថ្នាក់ដឹកនាំ និងណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍វឌ្ឍនភាពនេះ ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ ពិភាក្សា និងតម្រង់ទិស៕