ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម​ទេសរដ្ឋមន្ត្រី ថោង ខុន និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ធំ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការចុះក្ដាប់សភាពការណ៍នៅមូលដ្ឋាននាពេលនេះ គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​បំផុតរបស់សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅបំពាក់ និងពង្រឹងស្មារតីដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ឱ្យរួបរួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិរឹងមាំ សំដៅរួមគ្នាគិតគូរ គាំទ្រ និងផ្សារភ្ជាប់​រវាងសមរភូមិក្រោយនិងសមរភូមិ​មុខ ជាពិសេសក្នុងកំឡុងពេលនៃការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃ​នាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ដំណើរចុះក្តាប់សភាពការណ៍នាពេលនេះ ក៏​ដើម្បីបន្តផ្ដោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយ​បញ្ហាសេដ្ឋកិច្ចមូលដ្ឋាន និងការងារសតិអារម្មណ៍នយោបាយ ព្រមទាំងការគ្រប់គ្រងព័ត៌មានផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យបន្តក្ដាប់និងតាមដានសភាពការណ៍ក្នុងមូលដ្ឋានជាប់ជាប្រចាំ និងត្រូវត្រៀមលក្ខណៈជួយដល់បងប្អូនដែល​រងផលប៉ះពាល់ដោយសារស្ថានការណ៍ប៉ះទង្គិចនៅតំបន់ព្រំដែន ពិសេសការវិលត្រឡប់របស់បងប្អូនពលករដែល​បានទៅធ្វើការងារនៅប្រទេសថៃ ក៏ដូចជាបងប្អូនកម្មករ និងអាជីវករ​ដែលបានទៅធ្វើការនិងរកស៊ីនៅតំបន់ព្រំដែន ដោយត្រូវគិតគូរទាំងស្ថានភាពនៃការរស់នៅ និងទាំងសុខភាពរបស់បងប្អូន ឱ្យបានល្អតាមដែលអាចធ្វើទៅបាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់​គោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹង​ការរៀបចំក្រុមប្រចាំការរួមនៅថ្នាក់ខេត្ត និងក្រុមប្រចាំការថ្នាក់ក្រុង-ស្រុកទាំង៩ ក្នុងគោលដៅដើម្បីធ្វើការដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជាការគិតគូរផ្តល់ការឧបត្ថម្ភគាំទ្រ និងការឆ្លើយតបនានា ស្របទៅនឹងការវិវត្តនៃស្ថានការណ៍​ក៏ដូចជាផលប៉ះពាល់ផ្សេងៗពីការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ​បានបន្តថា យើងទាំងអស់គ្នាត្រូវប្រកាន់យកនូវស្មារតីរួបរួមគ្នាជាធ្លុងមួយ និងហ៊ានលះបង់ ដើម្បីបម្រើ និងផ្តល់ការគាំទ្រដល់សមរភូមិមុខផង និងផ្ដល់កម្លាំង​ចិត្តដល់រាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខផង ក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់នូវអនុសាសន៍ណែនាំបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យ​បន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់, ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មាន​សុវត្ថិភាព, ​ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់​សេវា​គ្រប់​ប្រ​ភេទ, ពង្រឹងការដោះស្រាយ​វិវាទក្រៅប្រព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកប​ដោយ​យុត្តិធម៌ ដោយ​ឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងបន្តលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន ​ដោះស្រាយ​​ជីវភាពប្រជាជន និងត្រូវ​បង្ក​លក្ខណៈងាយស្រួលដល់វិស័យឯកជន និងធុរកិច្ចឱ្យបានល្អប្រសើរ​ សំដៅ​ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការរីកចម្រើនរបស់ខេត្តកំពង់ធំ។