April 17, 2024

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំដោយ UNDP

     ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ថាបនាអនាគតរបស់​យើង៖ ទិសដៅ​ថ្មីសម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” (2024 Regional Human Development Report : “Making our Future: New Directions for Human Development in the Asia Pacific)  ដែលបានរៀបចំឡើងដោយកម្មវីធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។

     ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាតំបន់ គំរូមួយ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវបញ្ហាប្រឈមជាសកលស្រួចស្រាលនានា ពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុបានបន្ទុចបង្អាក់ការអភិវឌ្ឍ ពិសេសការអភិវឌ្ឍមូលធនមនុស្ស។ ដូច្នេះ យើងត្រូវត្រៀមខ្លួនទប់ទល់បញ្ហាប្រឈម និងភាពមិនប្រាកដប្រជាទាំងនេះ ហើយយើងច្បាស់ជាត្រូវពឹងផ្អែកលើកត្តាមនុស្ស ដើម្បីនាំយើងឱ្យអាចឆ្លងផុតនូវដំណាក់កាលដ៏ប្រឈមមួយនេះនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ចំពោះមុខ យើងត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ក្នុងការកំណត់ទិសដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់យើង ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមនុស្ស រួមមាន៖ ការអប់រំ, សុខាភិបាល, ចំណេះដឹង, ជំនាញ, សមត្ថភាព និងការគាំពារសង្គម។ ទោះជាយ៉ាងនេះក្ដី ការសម្រេចបាននូវកិច្ចការទាំងអស់នេះ ទាមទារឱ្យមានអភិបាលកិច្ចល្អ និងលំហសារពើពន្ធរឹងមាំ ដែលការណ៍​នេះ​ក៏ទាមទារឱ្យមានការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពផងដែរ។

     ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ទស្សនៈចំនួន ៥ ចំណុច ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជា  ដូចខាងក្រោម៖

ទី១ បន្តរួមគ្នាគិតឡើងវិញ និងស្វែងរកមធ្យោបាយ ដើម្បីចាត់វិធានការសមស្រប សំដៅបង្កើត និងពង្រឹងសន្ទុះសាកលភាវូបនីយកម្ម តាមរយៈការកសាងយន្តការសហប្រតិបត្តិការបើកចំហ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ដែលមានភាពចាំបាច់ក្នុងការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនយើង។

ទី២ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអំណោយផលនៅក្នុងតំបន់របស់យើង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព និងដោះស្រាយគម្លាតយេនឌ័រនៅក្នុង STEAM
ការអប់រំ និងបច្ចេកវិទ្យាឌីជីថល។

ទី៣អភិវឌ្ឍភាពធន់ក្នុងសង្គម តាមរយៈការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងគាំពារសង្គម ដែលឆ្លើយតបទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយមនុស្សធម៌។

ទី៤– លើកកម្ពស់ឌីជីថលភាវូបនីយកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងពលរដ្ឋ
ឌីជីថល បង្កើនចំណេះដឹង និងសមត្ថភាពឌីជីថល និងកាត់បន្ថយការបែងចែកឌីជីថលជាអប្បបរមា, និង

ទី៥– ជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀងគរធនធានទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស។

     ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗ ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខ បានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដោយបានកំណត់ “មនុស្ស” ជាអាទិភាពសំខាន់បំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រនេះ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវអត្រាកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលជាលទ្ធផលបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ និងលំហសារពើពន្ធធំទូលាយ សម្រាប់បម្រើឱ្យការវិនិយោគក្នុងវិស័យសង្គមកិច្ច ពិសេសការអភិវឌ្ឍមូលធនមនុស្សតែម្តង។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ បានកាត់បន្ថយភាពក្រីក្រពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកត្រឹមប្រមាណ ១០% ក្នុងឆ្នាំ២០១៩។

     ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រ
បញ្ចកោណ ដំណាក់កាលទី១
ហើយជាថ្មីម្តងទៀត “ប្រជាជន” នៅតែជាបេះដូងនៃយុទ្ធសាស្ត្រនេះ ហើយ ត្រូវបានរៀបចំឡើង ដោយផ្តោតលើលទ្ធផលជាធំ (result-oriented) ដើម្បីធានាថា ប្រជាជនបានទទួលផលជាក់ស្តែង ពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ ឯកឧត្តមបានបន្ថែមទៀតថា មនុស្ស គឺជា៖ (១).គោលដៅចុងក្រោយសំខាន់បំផុត មានន័យថា រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព និងភាពសុខដុមរមនា និង (២).ជាដើមទុនសំខាន់បំផុតរបស់សង្គមជាតិ មានន័យថា ប្រជាជនត្រូវតែទទួលបាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាពល្អ និងសីលធម៌ ដើម្បីលើកកម្ពស់សក្តានុពល និងបង្កើនការរួមចំណែកជាអតិបរមាក្នុងការកសាងសង្គមជាតិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ជាក់ស្តែង បញ្ចកោណចំនួន ៣ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៤ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលមានបច្ច័យផ្ទាល់ចំពោះប្រជាពលរដ្ឋធំជាងគេ ដែលការណ៍នេះសបញ្ជាក់ឱ្យឃើញអំពីអាទិភាព និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាជន។

     ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម ប្រទេសកម្ពុជាកំពុងបោះជំហានប្រកបដោយភាពស្វាហាប់ នៅលើវិថីនៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់។ ក៏ប៉ុន្តែទាមទារឱ្យមានការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ពីគ្រប់
តួអង្គពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ និងយន្តការសម្របសម្រួលមួយ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអនុវត្ត និងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើយុទ្ធសាស្ត្រ, គោលនយោបាយ និងផែនការដែលបានដាក់ចេញ ដើម្បីធានាថាយើងពិតជាអាចសម្រេចបានតាមគោលដៅដែលបានកំណត់។

     ជាចុងក្រោយ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រាលជូនចំពោះ UNDP ដែលបានរៀបចំសិក្ខាសាលានេះ និងបានរៀបចំរបាយការណ៍អភិវឌ្ឍមនុស្សបានទាន់ពេលវេលា។