(កំពង់ធំ)៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវក្រាលក្រួសក្រហម ប្រវែង ២១,២៥ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីឃុំដងកាំបិតទៅឃុំសណ្តាន់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់, ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរឃុំ‑ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១០០០នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ធំ និយាយជារួម និងនិយាយដោយឡែក ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកសណ្ដាន់ ពិសេសលោកយាយ លោកតា អ៊ំ ពូ មា មីង បងប្អូន ក្មួយៗយុវជនទាំងអស់ ដែលបានអញ្ជើញមកចូលរួមពិធីផងដែរ។ ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋស្រុកសណ្ដាន់ ដែលកន្លងមកតែងតែបានផ្តល់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវសូមឱ្យបងប្អូនបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយសូមកុំជឿតាមការញុះញង់ផ្សេងៗ ដើម្បីបន្តរក្សាការពារសុខសន្តិភាព ឯកភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងជាលំដាប់តទៅមុខទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា កាលពី៥០ឆ្នាំមុន ប្រទេសជាតិយើងបានធ្លាក់ចូលភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវស្នាមរបួស និងទុក្ខសោកយ៉ាងធ្ងន់ធ្ងរជាទីបំផុត ទាំងការបាត់បង់ជីវិតមនុស្ស និងរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ ក៏ប៉ុន្តែកាលពី៤៦ឆ្នាំមុន ក៏បានបង្ហាញនូវការតស៊ូដ៏មោះមុត និងស្នាដៃជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ និងការស្តារកសាងប្រទេសជាតិពីចំណុចសូន្យដោយបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលនិងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ជូនជាតិនិងប្រជាជន ជាពិសេសការនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពទឹកដីទាំងស្រុង ក្នុងប្រវត្តិសាស្រ្តកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ផ្លូវក្រួសក្រហមប្រវែង ២១,២៥ គីឡូម៉ែត្រនេះ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលផ្សេងៗទៀតដែលទទួលបាននាពេលកន្លង ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងភាពមានកម្រិត និងសេចក្ដីត្រូវការខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំលំដាប់ទី២។ ឯកឧត្តមបានបន្តថា ផ្លូវក្រាលគ្រួសក្រហមថ្មីនេះ ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលបានកំពុងអនុវត្ត និងត្រៀមអនុវត្តនាពេលខាងមុខ គឺដើម្បីជំរុញការអភិវឌ្ឍ និងផ្លាស់ប្ដូរកែប្រែមុខមាត់ខេត្តកំពង់ធំ ពិសេសដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម ព្រមទាំងដើម្បីធ្វើយ៉ាងណាកុំឱ្យខេត្តកំពង់ធំជាកន្លែងដែលទៅហួសមកហួសទៀត តាមរយៈការទាក់ទាញអ្នកដំណើរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ, អ្នកវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានា។ ដោយឡែក ស្រុកសណ្តាន់របស់យើង ក៏កំពុងតែទទួលនូវគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗជាច្រើនបន្តបន្ទាប់ផងដែរ សរុបរហូតដល់ ៣៩គម្រោង និងមានតម្រូវការថវិកាប្រមាណ ២០៣លានដុល្លារ (ការប៉ាន់ស្មានបឋម) ក្នុងនោះ វិស័យផ្លូវថ្នល់ ៨គម្រោង ទឹកប្រាក់ ១២,៧៥លានដុល្លារ, វិស័យធារាសាស្ត្រ ៦គម្រោង ទឹកប្រាក់ ១៨៥,៦៩លានដុល្លារ, វិស័យអប់រំ ២២គម្រោង ទឹកប្រាក់ ៣,០២លានដុល្លារ និងវិស័យសុខាភិបាល ៣គម្រោង ទឹកប្រាក់ ១,៥៤លានដុល្លារ។ ឯកឧត្តមបានបន្តថា គម្រោងទាំងនេះនឹងជួយលើកកម្ពស់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសការដោះស្រាយបញ្ហាទឹកសម្រាប់វិស័យកសិកម្ម និងការលើកកម្ពស់គុណភាពវិស័យអប់រំ និងសុខាភិបាល។
ឯកឧត្តម វង្សី វិស្សុត ក៏បានជម្រាបជូនផងដែរ អំពីការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋស្រុកសណ្តាន់ សូមជំរុញផលិតកម្មកសិកម្មឱ្យបានច្រើន ព្រោះសណ្តាន់មានសក្តានុពលច្រើន ក្នុងវិស័យកសិកម្ម ទាំងដំណាំកសិ‑ឧស្សាហកម្ម បន្លែ និងការចិញ្ចឹមសត្វ ហើយក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរ ដែលជាសេនាធិការរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានកំពង់ធំ នឹងត្រៀមផ្តល់កិច្ចសហការនិងការប្រឹក្សា ដោយរួមទាំងជំនួយបច្ចេកទេសតាមការចាំបាច់ ដើម្បីជួយបងប្អូន និងសហគមន៍កសិកម្ម។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ឱ្យបន្តពង្រឹងនិងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន និងត្រូវពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាជន ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទំនាស់ដីធ្លីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស និងបន្ត ទប់ស្កាត់ការទន្ទ្រានដីព្រៃ ព្រមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវក្រួសក្រហមដែលជាសមិទ្ធផលថ្មីនេះ ដើម្បីធានាការប្រើប្រាស់និងការដឹកជញ្ជូនផលិតផលកសិកម្មឱ្យបានឋិតថេរយូរអង្វែង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ចែកជូនប្អូនប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ និងអតីតយុទ្ធជនចំនួន ៣០គ្រួសារ ក្នុង១គ្រួសារទទួលបានមីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អង្ករ១បាវ, ជូនលោកគ្រូអ្នកគូ្រទទួលបានថវិកាចំនួន ១០០ ០០០រៀល ក្នុង១នាក់, សិស្សានុសិស្សចំនួន៣០០នាក់ ទទួលបាននូវសម្ភារៈសិក្សានិងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភថវិកាជូនឃុំដងកាំបិត ១លានរៀល ឃុំសណ្តាន់ ១លានរៀល និងជូនសាលាស្រុកសណ្តាន់ ២លានរៀល។