(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន បញ្ហាប្រឈមជាក់ស្ដែងដែលកំពុងកើតឡើងនៅមូលដ្ឋាន និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យនូវកាលានុវត្តភាពទាំងឡាយ ពាក់ព័ន្ធនឹងការងារអភិវឌ្ឍ ការដោះស្រាយបញ្ហាជីវភាព និងសេវាសាធារណៈ សំដៅដាក់ចេញទិសដៅការងារឆ្នាំបន្ទាប់ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។ កិច្ចប្រជុំនេះ ក៏ដើម្បីធ្វើការតម្រង់ទិសការងារ និងបង្កើនការផ្សារភ្ជាប់រវាងមន្រ្តីទាំងកម្រិតថ្នាក់ដឹកនាំនយោបាយ កម្រិតបច្ចេកទេស និងមូលដ្ឋាន ជាមួយនឹងប្រជាជននៅមូលដ្ឋានផ្ទាល់ ព្រមទាំងដើម្បីទទួលបាននូវព័ត៌មានត្រឡប់ (Feedback) ពីមូលដ្ឋានវិញអំពីប្រសិទ្ធភាពនិងលទ្ធផលនៃការអនុវត្តជាក់ស្តែង ធៀបនឹងគោលនយោបាយ និងយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្រ្តៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍អំពីលទ្ធផលការងារលើគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម វិនិយោគ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងលទ្ធផលការងារជាច្រើនផ្សេងៗទៀត ដែលក្រុមការងារសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ ទាំងដោយក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ជាខ្សែបណ្តោយ និងទាំងក្រុមការងារខ្សែទទឹង រួមមាន៖ ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច, ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន, ក្រុមការងារចល័តអន្តរាគមន៍ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរ, ក្រុមមេធាវីប្រចាំខេត្ត និងស្រុក ក្រុង ទាំង៩, និងក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងក្រុមការងារខ្សែបណ្តោយ និងខ្សែទទឹង និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ធំទាំងមូល ដែលបានរួបរួមគ្នាជាកម្លាំងតែមួយ លះបង់កម្លាំងកាយ ប្រាជ្ញា និងធនធាន ប្រកបដោយសហថាមពល ដោយម្ខាងបានចូលរួមជាកម្លាំងសាមគ្គីភាពនិងឯកភាពជាតិរឹងមាំក្នុងការទប់ទល់និងដោះស្រាយផលវិបាកនៃសង្គ្រាមឈ្លានពានពីខាងក្រៅ និងម្ខាងទៀតធានាបាននូវស្ថិរភាព សន្តិសុខ ការអភិវឌ្ឍមូលដ្ឋាន ពិសេសការដោះស្រាយបញ្ហាសេដ្ឋកិច្ច–សង្គម ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បញ្ហាសមធម៌ និងយុត្តិធម៌សង្គម ស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញចលនការនៃការអភិវឌ្ឍខេត្តកំពង់ធំ ក្នុងល្បឿនមួយលឿន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងក្របខ័ណ្ឌនៃបរិការណ៍សកល កម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារច្បាប់អន្តរជាតិដែលជាមូលដ្ឋាននៃសណ្តាប់ធ្នាប់ពិភពលោកចាស់បច្ចុប្បន្នបានចុះខ្សោយ និងកំពុងបែកបាក់ ហើយយន្តការរបស់ស្ថាប័នសកល និងអង្គការអន្តរជាតិដែលដើរតួនាទីដោះស្រាយបញ្ហាពិភពលោកធំៗលែងសូវមានប្រសិទ្ធភាព ក្នុងខណៈសណ្តាប់ធ្នាប់ពិភពលោកថ្មីមិនទាន់កើតឡើងនៅឡើយ។ ស្ថិតក្នុងស្ថានភាពអន្តរកាលនេះ ច្បាប់អន្តរជាតិមានតែនៅលើបបូរមាត់ ឬអាចហៅថា ច្បាប់ព្រៃ (Jungle Law) ពោលគឺអ្នកណាដែលមានជាង ខ្លាំងជាង គឺជាអ្នកឈ្នះ។ ដូចនេះ កម្ពុជាយើងដែលជាប្រទេសតូចទន់ខ្សោយ និងត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ ច្បាស់ជាអាចទទួលការរងគ្រោះជាងគេ។ ទន្ទឹមនេះ ការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាមហិច្ឆតាចង់បានទឹកដីកម្ពុជារបស់ថៃ ដូចប្រវត្តិសាស្រ្តបានកត់ត្រាទុករាប់រយឆ្នាំកន្លងមក គឺជាការគំរាមកំហែងដ៏ធំសម្រាប់ប្រទេសជាតិយើង។ ទន្ទឹមនេះ បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក៏ជាបញ្ហាប្រឈមមួយសម្រាប់សន្តិសុខជាតិ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាផងដែរ ដែលហេតុនេះហើយបានជារាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបោសសម្អាតឱ្យអស់ជាស្ថាពរ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីសម្អាតប្រទេសយើងពីអំពើឧក្រិដ្ឋកម្មឆ្លងដែននេះ ស្តារកេរ្តិ៍ឈ្មោះប្រទេសជាតិយើង និងកសាងទំនុកចិត្តពីអន្តរជាតិ ដើម្បីជាប្រយោជន៍ជាតិ សន្តិសុខជាតិ និងអនាគតកូនចៅជំនាន់ក្រោយ ក៏ដូចជាដើម្បីកុំឱ្យថៃយកបញ្ហានេះធ្វើជាលេសឈ្លានពានកម្ពុជា។ ក្រៅពីនេះ ឯកឧត្តមបានបន្តថា បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឱ្យមានវិបត្តិថាមពល ដោយសារតម្លៃប្រេងឡើងថ្លៃ និងការដាច់ដោចនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក នឹងធ្វើឱ្យអត្រាអតិផរណាហក់ឡើងខ្ពស់ និងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច–សង្គមគ្រប់ប្រភេទ។ ប្រការនេះ ក៏នឹងដាក់សម្ពាធបន្ថែមដល់កម្ពុជាយើងលើសមរភូមិសេដ្ឋកិច្ច និងជីវភាពប្រជាជនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ចំពោះមុខស្ថានភាពគ្រោះថ្នាក់ និងបញ្ហាប្រឈមខាងលើនេះ យើងទាំងអស់គ្នាត្រូវមានការភ្ញាក់រឭក មិនត្រូវភ្លេចខ្លួន ហ៊ានលះបង់ ហ៊ានវះកាត់ និងកែទម្រង់ ដើម្បីពង្រឹងខ្លួនឱ្យរឹងមាំ ពង្រឹងភាពជាម្ចាស់ ត្រូវចេះរស់ដោយខ្លួនឯង ពឹងលើខ្លួនឯង និងអាចការពារដោយខ្លួនឯងបានព្រោះជាតិយើងត្រូវរៀនរស់នៅក្នុងស្ថានភាពអាសន្ន ត្រូវតែកសាងភាពធន់ឱ្យបាន។ ដូចនេះ យើងត្រូវរក្សាឱ្យបាននូវសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ ហើយមិនមែនត្រឹមសាមគ្គីឯកភាពតែជាស្មារតីទេ ត្រូវចេះចែករំលែក និងរួមគ្នាធ្វើសកម្មភាពជាក់ស្តែងឱ្យចេញជាលទ្ធផលថែមទៀត។ ទន្ទឹមនេះ ត្រូវធានា និងពង្រឹងឱ្យបាននូវសមត្ថភាពកងទ័ពភាពធន់នៃសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា និងរក្សានូវលំនឹងជីវភាពប្រជាជន ពិសេសអ្នកលំបាក ដូចជាប្រជាជនភៀសសឹករងគ្រោះដោយសារសង្រ្គាមឈ្លានពានរបស់ថៃ, គ្រួសារយុទ្ធជនពលី របួស និងក្រុមគ្រួសារយុទ្ធជនជួរមុខ, ពលករមកពីថៃ និងប្រជាជនក្រីក្រ ក្រ១ និងក្រ២ ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ទាំងខ្សែបណ្តោយ និងខ្សែទទឹង ឱ្យបន្តរួមចិត្ត រួមកម្លាំង រួមស្មារតីជាអង្គតែមួយ និងជាប្រព័ន្ធតែមួយ ហើយត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងខិតខំប្រឹងប្រែងឱ្យខ្លាំងជាងមុន ក្នុងស្មារតីបុរេសកម្ម និងសកម្មជាងមុននៅលើផ្លូវតែមួយ ឆ្ពោះទៅគោលដៅតែមួយ នៅឆ្នាំ២០២៧ និង ឆ្នាំ២០២៨ ខាងមុខ ក៏ដូចជាដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការដ្ឋានយុទ្ធសាស្ត្រទាំង៣ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកំពង់ធំ ដែលជាខេត្តមានទំហំដីធំជាងគេ ឱ្យកាន់តែរីកលូតលាស់ និងក្លាយជាចន្ទល់សេដ្ឋកិច្ចមួយរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏ជំរុញឱ្យក្រុមការងារបន្តផ្តល់ការគាំទ្រធនធាន សម្ភារៈ និងមធ្យោបាយផ្សេងៗ តាមលទ្ធភាព និងជួយពង្រឹងភាពជាម្ចាស់ដល់អាជ្ញាធរមូលដ្ឋាន និងបង្កើនការស្វែងយល់និងវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន ដើម្បីឱ្យស្គាល់គ្នា ឱ្យយល់គ្នា ពីបញ្ហាសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាជន ក៏ដូចជាផ្ដល់ការគាំទ្រ ព្រមទាំងសហការចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងសមត្ថភាពការដឹកនាំ និងការគ្រប់គ្រង ប្រព័ន្ធការងារ និងការទទួលខុសត្រូវ ព្រមទាំងប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម និងសេវារដ្ឋបាលផ្សេងៗទៀត, សេវាអាជីវកម្មនិងធុរកិច្ច និងការបង្កលក្ខណៈងាយស្រួល និងបរិយាកាសល្អប្រសើរសម្រាប់អាជីវកម្ម មុខរបរ និងវិនិយោគ, សេវាសង្គមកិច្ច សេវាអប់រំ សុខាភិបាល និងគាំពារសង្គម និង សេវាយុត្តិធម៌ សំដៅចូលរួមដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ព្រមទាំងធានានូវសមធម៌និងយុត្តិធម៌សង្គម។
