(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ដែលដឹកនាំដោយលោកជំទាវ Marie Buscail ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Erkki Maillard អនុប្រធានជាន់ខ្ពស់ទទួលបន្ទុករដ្ឋាភិបាល និងកិច្ចការអន្តរជាតិ នៃក្រុមហ៊ុន EDF។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន EDF ដែលមានបំណងធ្វើការវិនិយោគគម្រោងវារីអគ្គិសនីដ៏ធំមួយ ទំហំ ៨០០ មេហ្កាវ៉ាត់នៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទីស្តីការគណៈរដ្ឋមន្រ្តីមានសេចក្តីរីករាយក្នុងការផ្តល់កិច្ចសម្របសម្រួលតាមដែលអាចធ្វើទៅបាន ក្នុងមុខងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃគម្រោងវិនិយោគដែលត្រូវចំណាយទុនធំរហូតដល់ជាង ១ ២០០ លានដុល្លារអាមរិក ព្រោះគម្រោងវិនិយោគនេះ គឺជានិមិត្តរូបសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារំាង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចថា ថាមពលបានក្លាយជាបញ្ហាសន្តិសុខជាតិ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។ ដូច្នេះ ការធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងមានស្ថិរភាព គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ Marie Buscail បានសម្តែងសេចក្តីសោមនស្សរីករាយ និងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះការវិនិយោគរបស់ក្រុមហ៊ុន EDF ក្នុងវិស័យថាមពលនៅកម្ពុជា។ ទន្ទឹមនេះ លោក Erkki Maillard បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន EDF ក្នុងការកសាងភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា ជាជាងការផ្តល់ត្រឹមតែឧបករណ៍ ឬបច្ចេកវិទ្យា និងបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដូចជាវារីអគ្គិសនី ត្រូវដំណើរការជាច្រើនទសវត្សរ៍ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយ។ លោកបានបន្តថាក្រុមហ៊ុន EDF ប្រកាន់ខ្ជាប់ចំពោះស្តង់ដាអន្តរជាតិខ្ពស់បំផុតទាក់ទិននឹងបញ្ហាសុវត្ថិភាព និងសន្តិសុខប្រតិបត្តិការ, ការការពារបរិស្ថាន និងសង្គម, អភិបាលកិច្ច និងអនុលោមភាព, និងឧត្តមភាពបច្ចេកទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា តម្រូវការថាមពលរបស់កម្ពុជា បាននិងកំពុងកើនឡើងក្នុងល្បឿនលឿន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយសារកំណើននៃវិស័យឧស្សាហកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទោះបីបច្ចុប្បន្នកម្ពុជាមានសមត្ថភាពផ្គត់ផ្គត់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីក៏ដោយ ប៉ុន្តែតម្រូវការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅថ្ងៃមុខ នឹងមានការកើនឡើង ដោយសារការវិវត្តន៍រីកចម្រើននៃវិស័យឌីជីថល ក្នុងបរិបទនៃសម័យបញ្ញាសិប្បនិម្មិត (AI)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទៅលើ៖ (១).ការកាត់បន្ថយថ្លៃដើមនៃការផលិតថាមពលអគ្គិសនី (២).ការធានាតម្លៃសមរម្យ និងការប្រកួតប្រជែងរយៈពេលវែង (៣).ការពង្រឹងស្ថិរភាព និងភាពទុកចិត្តបាននៃបណ្តាញអគ្គិសនី និង (៤).ការពង្រឹងអធិបតេយ្យភាពថាមពលតាមរយៈការធ្វើពិពិធកម្មប្រភពវិនិយោគ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ទៅលើភាពប្រទាក់ក្រឡារវាងថ្លៃថាមពលអគ្គិសនី (Tariff) និងថ្លៃដើមនៃការផលិត (Cost) ព្រោះថាមពលដែលមានថ្លៃសមរម្យ នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយជំរុញវិស័យឧស្សាហកម្ម, ផលិតកម្ម, ការកែច្នៃកសិ-ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរថាមពល (energy transition) រួមទាំងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពរវាងការពង្រីកថាមពលកកើតឡើងវិញ (renewable energy) ជាមួយនឹងស្ថិរភាពប្រព័ន្ធ និងការគ្រប់គ្រងថ្លៃដើម ខណៈពេលដែលយើងព្យាយាមកាត់បន្ថយការពឹងផ្អែកលើថាមពលធ្យូងថ្ម។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជក់ពីការស្វាគមន៍ចំពោះកិច្ចសន្ទនានានាជាមួយប្រទេសបារាំងលើកិច្ចសហប្រតិបត្តិការថាមពល និងគម្រោងវិនិយោគរបស់ EDF នៅកម្ពុជា ព្រោះវិនិយោគនេះស្របគ្នានឹងគោលបំណងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគបរទេសក្នុងវិស័យថាមពល ដើម្បីបង្កើនភាពធន់ និងតុល្យភាពយុទ្ធសាស្ត្រ ក៏ដូចជាដើម្បីរួមចំណែកធានាបាននូវសន្តិសុខថាមពល និងការកាត់បន្ថយថ្លៃអគ្គិសនី សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។
