(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ស្ថិតនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានរចនាបថនិងក្បូរក្បាច់រចនាតាមបែបប្រពៃណីខ្មែរយ៉ាងប្រណីត។ អគារនេះ ចែកចេញជា៣បន្ទប់ ក្នុងនោះមាន សាលប្រជុំធំ១ ដែលអាចទទួលអ្នកចូលរួមបានប្រមាណជាង ១ ០០០នាក់, បន្ទប់ទទួលភ្ញៀវចំនួន១បន្ទប់ និងបន្ទប់សម្រាប់មន្ត្រីគណបក្សបម្រើការងារប្រចាំថ្ងៃ ព្រមទាំងបំពាក់គ្រឿងបរិក្ខារទំនើប ជាមួយនឹងការរៀបចំដាំដើមឈើ និងសួនលម្អផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ដែលបានខិតខំចលនាប្រមែប្រមូលធនធាន ក្នុងការសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងដ៏ល្អស្អាត និងធំទូលាយ ដែលនេះជាសមិទ្ធផលគួរជាទីមោទនៈថ្មីមួយទៀត សម្រាប់ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើឱ្យការបំពេញមុខងារនិងបេសកកម្មរបស់គណបក្ស ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមការដ្ឋានជាយុទ្ធសាស្ត្ររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ពិសេសគឺមានទីស្នាក់ការគណបក្សនៅគ្រប់កន្លែង ទាំងខេត្ត និងគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តកំពង់ធំ ចាប់ពីឆ្នាំ២០២៧ទៅ។ ឯកឧត្ដមក៏បានផ្ដល់នូវមូលវិចារខ្ពស់ចំពោះក្រុមការងារ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន រួមទាំងការអភិវឌ្ឍវិស័យធារាសាស្ត្រនៅក្នុងខេត្តកំពង់ធំទាំងមូល ដែលបានរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាន ក្នុងគោលដៅបន្តដណ្តើមការគាំទ្រពីប្រជាជន និងជាក្តីសង្ឃឹមរបស់គណបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះ។
ឯកឧត្ដម វង្សី វិស្សុត ក៏បាននាំមកជាមួយនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក បម្រើឱ្យបុព្វហេតុជាតិនិងគណបក្ស ក៏ដូចជាបម្រើឱ្យប្រជាជនស្រុកស្ទោងទាំងមូល និងសូមអរគុណចំពោះប្រជាពលរដ្ឋស្រុកស្ទោង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងមក ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ខេត្តកំពង់ធំ កំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមការដ្ឋានយុទ្ធសាស្រ្តទាំង៣ ដែលបានដាក់ចេញ ហើយសមិទ្ធផលនិងលទ្ធផលការងារជាច្រើនបានលេចឡើងជាបណ្តើរៗ ទាំងក្នុងក្របខណ្ឌការងារកសាងនិងពង្រឹងគណបក្ស ទាំងក្នុងក្របខណ្ឌការងារអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសគម្រោងអភិវឌ្ឍ
ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងគម្រោងវិនិយោគធំៗ ក្នុងវិស័យកសិកម្មនិងកសិ–ឧស្សាហកម្មបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា សមិទ្ធផលនិងលទ្ធផលការងារទាំងនេះ បាននិងកំពុងធ្វើឱ្យខេត្តកំពង់ធំមានការប្រែមុខមាត់ថ្មី និងកំពុងប្រែក្លាយសក្តានុពលរបស់ខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំជាងគេ នៅចំចំណុចកណ្តាលប្រទេស សម្បូរទៅដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ច និងមូលដ្ឋាននយោបាយ កាន់តែរឹងមាំ និងអាចឈរជើងយូរអង្វែង រួមទាំងជះឥទ្ធិពលទៅដល់ខេត្តជុំវិញជាច្រើនទៀត ដើម្បីសម្រេចចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត «ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «ប្រែក្លាយខេត្តកំពង់ធំ លែងជាខេត្តមួយដែលទៅហួសមកហួស ទាំងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍»។
ឯកឧត្តម វង្សី វិស្សុត បានផ្ដល់ការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់រូប ត្រូវបន្តអនុវត្តយ៉ាងសកម្ម បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់នូវការដ្ឋានយុទ្ធសាស្ត្រទាំង៣ ដោយត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ប្រាក់ចំណូល ការងារ ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ពិសេសជំរុញការធ្វើពិពិធកម្មកសិករទំនើប, ការគាំទ្រដល់ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងការលើកកម្ពស់សមត្ថភាពផលិតកម្ម ព្រមទាំងរៀបចំប្រព័ន្ធ Ecosystem ឱ្យបានល្អ តាមរយៈការបន្តការប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យបានកាន់តែច្រើននិងមានប្រសិទ្ធភាព ក៏ដូចជាលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស សមត្ថភាពផលិតកសាងបណ្ដាញទីផ្សារ និងកសាងការយល់ដឹង និងបណ្ដុះសមត្ថភាពក្នុងការប្រើប្រាស់ឥណទានឱ្យមានប្រសិទ្ធភាពនិងចីរភាព។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាគ្រប់ប្រភេទ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដូចជា សេវាសន្តិសុខនិងសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ, សេវាសង្គម អប់រំ និងសុខាភិបាល, សេវាយុត្តិធម៌, ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ,សេវាសុរិយោដី, សេវាធុរកិច្ច ដោយត្រូវជួយសម្របសម្រួល និងគាំទ្រដល់អ្នកធ្វើអាជីវកម្ម និងសហគ្រិន ព្រមទាំងការផ្ដល់ឱកាស ការសិក្សារៀនសូត្រ ការគាំពារសង្គម និងកម្មវិធីជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រ គ្រួសារជួបទុក្ខលំបាក និងជនចាស់ជរាអត់ទីពឹង ព្រមទាំងគ្រួសារយុទ្ធជនពលី និងយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីធានាថាមិនឱ្យមានអ្នកណាម្នាក់ដាច់បាយហូប ឬអត់អង្ករច្រកឆ្នាំងនោះឡើយ។ បើយើងធ្វើកិច្ចការទាំងនេះបានល្អ ផ្ដល់សេវាល្អ ប្រជាជនមានជីវភាពធូរធារ នឹងគ្មានប្រជាជនណាខឹងយើងនោះទេ។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំបន្ថែមលើការងារកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ ចាប់ពីភូមិ ឃុំ សង្កាត់ ក្រុង ស្រុក រហូតដល់ខេត្ត ឱ្យបានយល់ដឹងអំពីគណបក្សឱ្យបានច្បាស់លាស់ ស្គាល់គោលដៅ ឈរលើមាគ៌ាតែមួយ និងអនុវត្តតាមការចាត់តាំងឱ្យស្រុះគ្នា, ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធគណបក្សឱ្យបានរឹងមាំ, ពង្រឹង ពង្រីក និងកសាងសមាជិកគណបក្ស ទាំងបរិមាណនិងគុណភាព ស្របតាមគោលការណ៍
«សមាជិកគណបក្ស១រូប គឺជាសំឡេងគាំទ្រគណបក្ស១សន្លឹក», រៀបចំប្រព័ន្ធនិងពង្រឹងរបៀបរបបការងាររួមមាន របបចុះមូលដ្ឋាន របបប្រជុំ របបរាយការណ៍ ទន្ទឹមនឹងការជំរុញការអនុវត្តរបបតាមដាននិងត្រួតពិនិត្យព្រមទាំងពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ។
ឯកឧត្ដម វង្សី វិស្សុត ក៏បានជំរុញឱ្យមន្ត្រីគណបក្សគ្រប់រូប ពង្រឹងភាពជាម្ចាស់លើបញ្ហា ខិតខំធ្វើអំពើល្អ អំពើត្រឹមត្រូវ និងធ្វើឱ្យដូចភ្លៀងរលឹម ធ្វើឱ្យអស់លទ្ធភាព ដោយភាពស្មោះត្រង់ និងហ៊ានលះបង់ ដើម្បីដណ្តើមបេះដូងរបស់ប្រជាជន ដណ្តើមការស្រឡាញ់ និងការទុកចិត្តពីប្រជាជន។ ទន្ទឹមនេះ ត្រូវគិតអំពីសតិអារម្មណ៍ កង្វល់ និងសេចក្តីត្រូវការរបស់ប្រជាជន ហើយត្រូវចេះដោះឱ្យចំបញ្ហា។ ឯកឧត្ដមក៏បានផ្តល់ការណែនាំដល់ក្រុមការងារតាមក្រុងស្រុកនីមួយៗត្រូវត្រៀមស្តុកទុកនូវអង្ករ និងអំបិល ទឹកត្រី ទឹកស៊ីអីវ សម្រាប់ចែកជូនដល់ប្រជាជន
ទីទាល់ក្រខ្លាំង និងជនចាស់ជរាជាដើម ព្រមទាំងត្រូវប្រកាន់យកនូវទស្សនៈធ្វើជាម្ចាស់លើបញ្ហា ចេះធ្វើការជាក្រុម ដើម្បីធ្វើការដោះស្រាយ និងសហការដោះស្រាយបញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវបន្តខិតខំពង្រឹងនិងបង្កើនសមត្ថភាពជាប្រចាំ បន្តធ្វើល្អ អំពើត្រឹមត្រូវ ត្រូវចេះកែខ្លួនក្នុងពេលមានកំហុស និងត្រូវប្រឹងឱ្យខ្លាំងជាងមុនជាដរាប ដើម្បីចូលរួមទប់ស្កាត់រាល់ឧបាយកលទុច្ចរិត រួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាន និងការថែរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម វង្សី វិស្សុត បានពាំនាំនូវអំណោយជាថវិកា និងសម្ភារៈបរិក្ខារមួយចំនួនជូនដល់សមាជិកសមាជិកាដែលបានចូលរួមកម្មវិធី និងគណៈកម្មាធិការគណបក្សនៅមូលដ្ឋានផងដែរ។
