នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Kim Chang Yong ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទានប្រមាណ ២ពាន់លានដុល្លារអាម៉េរិក និងការទទួលយកពលករកម្ពុជាប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ ហើយទំនាក់ទំនងពាណិជ្ជកម្មក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធច្រើនខាងផ្នែកអភិវឌ្ឍន៍ ព្រមទាំងមានកម្លាំងអូសទាញសេដ្ឋកិច្ចខ្លាំង ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ដូចជាកូរ៉េជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា បច្ចុប្បន្នប្រទេសយើងទាំងពីរមានភាពជិតស្និទ្ធគ្នាខ្លាំងមែនទែន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្រការទូតជាក់ស្តែងឆ្ពោះទៅរកពិភពលោក ដែលបានកំណត់ដោយឯកឧត្តមប្រធានាធិបតីកូរ៉េ។ ឯកឧត្តម Kim Chang Yong ក៏បាន
សម្តែងនូវក្តីរីករាយចំពោះកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសដែលទទួលបាននូវ ODA ច្រើនជាងគេពីសាធារណរដ្ឋកូរ៉េ ហើយស្ថានទូតសាធារណរដ្ឋកូរ៉េនឹងបន្តដើរតួជាថ្នាលតភ្ជាប់វិស័យឯកជនកូរ៉េ-កម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងធំៗនៅកម្ពុជាឱ្យដំណើរការទៅមុខកាន់តែរលូនសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, ០៧:៥៤ PM
ព័ត៌មានផ្សេងៗ
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក
ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦, ០៤:០៤ PM
