នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហគមន៍ឃុំផាត់សណ្ដាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន, ឯកឧត្តម ហួត ហាក់, ឯកឧត្តម សួស យ៉ារ៉ា, លោកជំទាវ ឃួន ឃុនឌី, ឯកឧត្តម នួន ផារ័ត្ន, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននិងសមាជិកក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។
ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ច អំពីជីវភាពរបស់បងប្អូនគ្រប់គ្នានៅទីនេះនិយាយដោយឡែក និងគ្រប់ទិសទីនិយាយជារួម។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំ និងការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងសូមបងប្អូនទាំងអស់ត្រូវរួបរួមគ្នាពង្រឹងកម្លាំងសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ ដើម្បីរួមគ្នាជាកម្លាំងទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់ថៃមកលើអធិតេយ្យភាពកម្ពុជាយើង។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា អគារសហគមន៍ឃុំផាត់សណ្ដាយ ដែលឧបត្ថម្ភការសាងសង់ដោយឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ ដែលជាឃុំពិសេសមួយក្នុងខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងតាមតម្រូវការរបស់សហគមន៍ឃុំផាត់សណ្តាយ ពិសេសពេលមានការរៀបចំពិធីបុណ្យទានធំៗ។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា ដោយផ្អែកលើសក្តានុពលរបស់ខេត្តកំពង់ធំ ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជា និងមានប្រជាជនប្រមាណ៧៣% ប្រកបរបរកសិកម្ម យើងអាចនិយាយបានថា គឺមានតែកសិកម្មនេះឯង ដែលអាចធ្វើឱ្យសេដ្ឋកិច្ចខេត្តកំពង់ធំរីកចម្រើន ហើយធ្វើឱ្យ បងប្អូនមានជីវភាពធូរធារ មានមុខរបរ និងប្រាក់ចំណូលល្អជាងមុន។ តែវិស័យកសិកម្មនេះ មិនមែនសំដៅតែទៅលើការធ្វើស្រែ ធ្វើចម្ការតែមួយមុខនោះទេ។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាការអភិវឌ្ឍកសិកម្មនៅក្នុងខេត្តកំពង់ធំ ដើម្បីម្ខាងបង្កើតការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាជន និងម្ខាងទៀតបង្កើន និងបង្កើតចន្ទល់សេដ្ឋកិច្ចរបស់ខេត្ត និងរបស់ប្រទេសជាតិទាំងមូល។ ក៏ប៉ុន្តែទាល់តែមានការងារ និងមុខរបរ ទើបអាចមានប្រាក់ចំណូលបាន។ ដូចនេះយើងអាចបង្កើនប្រាក់ចំណូល តាមរយៈ៖ ទី១.ការបង្កើតមុខរបរថ្មី ២.ការបង្កើតមុខរបរបន្ថែមលើមុខរបរដែលមានស្រាប់ និង ទី៣.ការពង្រីកមុខរបរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងចំណេញ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍បន្តថា ដំណោះស្រាយដ៏សមស្របបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ ដែលប្រមាណ៩០% ប្រកបមុខរបរនេសាទត្រីជាលក្ខណៈប្រពៃណីរាប់រយឆ្នាំមកហើយនោះ គឺមានតែ «ដែននេសាទរបស់សហគមន៍ផាត់សណ្តាយ គឺសម្រាប់តែសហគមន៍ផាត់សណ្តាយ» ព្រោះនេះជាមុខរបរចិញ្ចឹមជីវិតអ្នកផាត់សណ្តាយតាំងពីដូនតារបស់គាត់យូរលង់ណាស់មកហើយ និងម្យ៉ាងទៀត អ្នកពីខាងក្រៅដែលមកដណ្តើមមុខរបរអ្នកផាត់សណ្តាយ ច្រើនតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលជាការបំផ្លិចបំផ្លាញជីវភាពរស់នៅជាប្រពៃណីរបស់សហគមន៍ឃុំផាត់សណ្តាយ។ ទន្ទឹមនេះ ដោយសារមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ រដ្ឋបាលខេត្តកំពង់ធំនឹងចេញសេចក្តីជូនដំណឹងឱ្យផ្អាកសកម្មភាពចូកលៀសដោយម៉ាស៊ីនជាបណ្តោះអាសន្នសិន ព្រោះវាប៉ះពាល់ខ្លាំងដល់បរិស្ថាន និងហិនហោចដល់ធនធានធម្មជាតិរបស់ឃុំផាត់សណ្តាយ។
ទន្ទឹមនឹងនេះដែរ ដោយមើលឃើញពីឱកាស និងសក្តានុពលនៃឃុំផាត់សណ្តាយ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយឱ្យងាកមកចិញ្ចឹមត្រីដែលជាមុខរបរបន្ថែមថ្មី ហើយក្រុមការងារ និងអាជ្ញាធរខេត្តនឹងជួយរៀបចំផែនការអភិវឌ្ឍការចិញ្ចឹមត្រីនៅឃុំផាត់សណ្ដាយ ដោយរួមទាំងការដាំបន្លែផងដែរ។ ទន្ទឹមនេះ ក្រុមការងារក៏នឹងជួយរៀបចំផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ផាត់សណ្តាយ ដើម្បីទាក់ទាញភៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាឃុំផាត់សណ្តាយឱ្យបានច្រើន ដើម្បីបង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែម ព្រោះការប្រកបមុខរបរនេសាទត្រីតែមួយមិនអាចជួយធ្វើឱ្យបងប្អូនមានជីវភាពកាន់តែធូរធារបានទេ។ ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ឯកឧត្តម វង្សី វិស្សុត ក៏បានទទួលយកនូវសំណូមពរក្នុងដោះស្រាយកន្លែងគោករាក់ចំនួន២ទីតាំង ពេលរដូវប្រាំង តាមបណ្តោយផ្លូវនាវាចរពីឃុំផាត់សណ្តាយទៅចំណុចកំពង់គោ ក្រុងស្ទឹងសែន ដោយធ្វើការសិក្សាលើទិដ្ឋភាពបច្ចេកទេសនិងច្បាប់ជាមុនសិន។ ឯកឧត្តមបានបន្តថា ក្រៅពីការបង្កើតផលិតផលទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងអាចមានភ្ញៀវឈានចូលដល់កន្លែងយើងនេះ ក៏ត្រូវគិតផងដែរដល់បញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ដោយរួមទាំងការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ជារួម ក្នុងរយៈពេល ២ឆ្នាំមកនេះ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់បានខិតខំប្រឹងប្រែង ដោយទឹកចិត្តបរិសុទ្ធនិងស្មោះត្រង់ និងតែងបានភ្ជាប់ការគិតគូរអំពីជីវភាពរបស់ប្រជាជន សេដ្ឋកិច្ច មុខរបរ និងប្រាក់ចំណូលរបស់ប្រជាជនខេត្តកំពង់ធំ ដោយរួមទាំងឃុំផាត់សណ្តាយរបស់យើងផងដែរ ក្នុងគោលដៅ៖ (១). លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និង (២). ប្រែក្លាយខេត្តកំពង់ធំទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសចង់ឃើញសន្ទុះនៃកំណើនគាំទ្រ និងការជឿជាក់របស់បងប្អូន តាមរយៈការខិតខំ ការធ្វើអំពើល្អ និងលទ្ធផលការងារជាក់ស្តែង ដែលមានផលជះទៅលើជីវភាព និងការរស់នៅរបស់បងប្អូន។
ក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយនេះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានចុះពិនិត្យការសិក្សារបស់ក្មួយៗនិងចៅៗជាសិស្សានុសិស្ស នៅសាលាបឋមសិក្សាផាត់សណ្ដាយ និងបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ នៅមណ្ឌលសុខភាពផាត់សណ្ដាយ អំពីគុណភាពនៃការអប់រំ និងសុខាភិបាល ក្នុងឃុំផាត់សណ្តាយ ព្រមទាំងបានពាំនាំនូវអំណោយជាថវិកា ថ្នាំពេទ្យ សម្ភារបរិក្ខា កាបូប និងសម្ភារៈសិក្សាមួយចំនួន ជូនដល់មណ្ឌលសុខភាព គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភនូវអំពូលសូឡាសម្រាប់បំពាក់ក្នុងបរិវេណអគារសហគមន៍ផាត់សណ្តាយ និងប្រគល់ផ្ទះ១ខ្នង និងបែរត្រីចំនួន១ ដល់គ្រួសារស្រ្តីមេម៉ាយទីទ័លក្រមានកូន៤នាក់ក្នុងបន្ទុក ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមពិធីចំនួន ៥០០នាក់ និងប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយចំនួនប្រមាណ១៣០០គ្រួសារផងដែរ ដែលជាអំណោយរបស់ក្រុមការងារ និងសប្បុរជនមួយចំនួន។
