ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ផ្តល់អំណោយទឹកដោះគោអង្គរមីលចំនួន ១៤០០ កេស ជូនទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋខេត្តកំពង់ធំ

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានផ្តល់អំណោយទឹកដោះគោអង្គរមីលចំនួន ១៤០០ កេស ជូនទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋខេត្តកំពង់ធំ។ ពិធីប្រគល់-ទទួលអំណោយទឹកដោះគោអង្គរមីលចំនួន ១៤០០ កេសនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រវាងឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជានាយកខុទ្ទកាល័យឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក កុយ សុវណ្ណ តំណាងក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី។

ក្នុងនាមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អេង ទូច បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលបានផ្តល់នូវអំណោយទឹកដោះគោ អង្គរមីល ចំនួន ១៤០០កេះនេះ ដល់ទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋខេត្តកំពង់ធំ។

សកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការឈឺឆ្អាល ការយកចិត្តទុកដាក់ទៅដល់សុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចែករំលែកនូវជំនួយមនុស្សធម៌ ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់សុខុមាលភាពកុមារផងដែរ។