ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី

(ភ្នំពេញ)៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើប្រធានបទ៖ (១).ការកែសម្រួលយន្តការពិនិត្យលើរបាយការណ៍​វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការបង្កើតគេហទំព័រមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Digital Legal Database) (២).ការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ​ឆ្នាំ២០២៦ (៣).សេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការឱ្យកាន់មុខតំណែងនៅក្នុង​រចនាសម្ព័ន្ធ​​នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ ការពិព័ណ៌នាមុខតំណែងមន្ត្រីវិជ្ជាជីវៈ ការធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធ​​និងជំរឿនមន្ត្រី និងការវិភាគមុខងារ និង (៤).បញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់មូលវិចារខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលម្ខាងបានខិតខំបំពេញការងារតាមមុខងារភារកិច្ចរបស់ខ្លួនអស់ពីកម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវ ស្មារតីវិជ្ជាជីវៈ អភិបាលកិច្ចខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន​ជូនប្រទេសជាតិនិងមាតុភូមិ និងម្ខាងទៀត បានលះបង់ ចែករំលែក ក្នុងស្មារតីស្នេហាជាតិ និងចូលរួមយ៉ាងសកម្មជាកម្លាំងឯកភាពជាតិ និងសាមគ្គីភាពដ៏ធំមួយ​នៅសមរភូមិក្រោយ ក្នុងការទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា តាមរយៈការបរិច្ចាគជាថវិកា និងសម្ភារៈ ដល់វីរកងទ័ព យុទ្ធជនពលី​ យុទ្ធជនរបួស និងប្រជាជនភៀសសឹក ​ព្រមទាំង​ពលករដែលត្រលប់ពីប្រទេសថៃផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា ក្រៅពីការបំពេញនូវមុខងារស្នូល មុខងារសម្របសម្រួល និងមុខងារពិសេស ដូចជាការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ គោលនយោបាយ និងសំណើផ្សេងៗ ការសម្របសម្រួលកិច្ចការអន្តរក្រសួង ការរៀបចំកិច្ចប្រជុំ ការរៀបចំសេចក្តីជូនដំណឹងរបស់ទីស្តីការ​គណៈរដ្ឋមន្រ្តី (សជណ) ការងារគ្រឿងឥស្សរិយយស ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រាជរដ្ឋាភិបាល និងការកែទម្រង់ច្បាប់ ព្រមទាំងការតាមដានត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល​ទី១(M&E) ជាដើម, ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានធ្វើការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន និងរៀបចំធនធានមនុស្ស​តាមរចនាសម្ព័ន្ធនីមួយៗរួចរាល់ ព្រមទាំងបានកែលម្អកិច្ចការនេះជាបន្តទៀត ដោយខិតខំធ្វើផង រៀនសូត្រផង និងកែទម្រង់ផង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា នេះ គឺជាការធ្វើស្ថាប័នីយកម្ម សំដៅធ្វើឱ្យទីស្តីការ​គណៈ​រដ្ឋមន្រ្តីក្លាយជាស្ថាប័នមួយដែលមានចីរភាព គុណភាព ប្រសិទ្ធភាព មានឯកទេសកម្ម និងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍នីតិរដ្ឋ ផលប្រយោជន៍សាធារណៈ បរិយាប័ន្ន និងក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំ និងអនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹង​យន្តការពិនិត្យលើរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ក៏ដូចជាដើម្បីជំរុញសន្ទុះល្បឿនកិច្ចការនេះ ដែលមានវឌ្ឍនភាពយឺតនាពេលកន្លងមក តាមរយៈការរៀបចំអង្គភាពគម្រោង PMUដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី និងការរៀបចំ SOP ព្រមទាំងការរៀបចំធ្វើបច្ចុប្បន្នភាព Guideline ឱ្យបានច្បាស់លាស់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា  ការរៀបចំក្របខ័ណ្ឌ RIA នេះ មិនមែនចាំបាច់សម្រាប់តែការរៀបចំច្បាប់ និងគោលនយោបាយប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់សម្រាប់ការពិនិត្យនិងផ្តល់យោបល់លើសំណើ ឬដំណោះស្រាយចំពោះបញ្ហាផ្សេងៗផងដែរ នៅក្នុងក្របខ័ណ្ឌជាវិធានការច្បាប់ នយោបាយ សេដ្ឋកិច្ច និងរដ្ឋបាលផងដែរ។ និយាយរួម ក្របខ័ណ្ឌ RIA គឺជាឧបករណ៍ដែលធ្វើឱ្យយើងអាចពិនិត្យលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្តិមកលើសេដ្ឋកិច្ច សង្គម បរិស្ថាន ធុរកិច្ច បុគ្គល និងថវិកាជាតិ ស្របតាមទិសស្លោកដែលថា «លិខិតបទដ្ឋានល្អ សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ! Good Regulation, High Growth, Better Livelihood! »។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំ និងការតម្រង់ទិសមួយចំនួនផងដែរ​ពាក់ព័ន្ធនឹងការរៀបចំរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Digital Legal Database) ដើម្បីប្រមូល ចងក្រង បោះពុម្ព ផ្សព្វផ្សាយ រក្សា ធានាសុពលភាពគតិយុត្ត ប្រឹក្សានិងផ្តល់យោបល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ឱ្យមានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ផ្ទៃក្នុងផង និងអាចបើកទូលាយដល់សាធារណៈតាមរយៈគេហទំព័រផង ព្រោះកន្លងមកពុំទាន់មានអង្គភាពណាមួយប្រមូលទិន្នន័យច្បាប់នោះទេ ហើយបច្ចុប្បន្នអង្គភាពនីមួយៗរៀបចំដោយឡែកៗរៀងខ្លួន ដែលជាហេតុធ្វើឱ្យមានការបែកខ្ញែក និងត្រូវចំណាយធនធានច្រើន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បាន​ផ្តល់អនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងការរៀបចំសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ និងបានជំរុញរៀបចំឱ្យបានឆាប់នូវការពិពណ៌នាមុខតំណែងមន្ត្រីវិជ្ជាជីវៈ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី រួចបញ្ជូន​ទៅក្រសួងមុខងារសាធារណៈ និងបន្តសហការជាមួយក្រសួងមុខងារសាធារណៈក្នុងការការធ្វើជំរឿនមន្ត្រី និងការវិភាគមុខងារ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងបណ្តាភារកិច្ចចំពោះមុខ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តខិតខំពង្រឹងខ្លួនជាប់ជាប្រចាំ តាមរយៈការបន្តកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការចូលរួមកិច្ចប្រជុំទាំងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ពិសេសពាក់ព័ន្ធនឹង AI ក៏ដូចជាការពង្រឹងវិន័យការងារ ទាំងការគោរពម៉ោងពេលបំពេញការងារ វត្តមានការងារ និងរបបសុំច្បាប់ឈប់សម្រាកជាដើម សំដៅពង្រឹងផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវយុត្តិធម៌ចំពោះអ្នកដែលបានខិតខំបំពេញការងារខ្លាំង ក្នុងការទទួលបាននូវប្រាក់ឧបត្ថម្ភលើកទឹកចិត្តសមិទ្ធកម្មការងារ។ ទន្ទឹមនេះ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសម្រេចបាននូវជោគជ័យបន្ថែមទៀត និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។