(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទទួលជួបសម្តែងការគួរសមពី លោកស្រី Keiko Miwa ប្រធានផ្នែកភាគនិរតីនិងតំបន់កោះប៉ាស៊ីហ្វិកនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), លោក Thomas Jacobs អ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា និងគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដើម្បីពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី Keiko Miwa និងគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងបានគូសរំលេចអំពីជំនឿមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើតួនាទីគន្លឹះវិស័យឯកជន ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចែករំលែកអំពីអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អនិងពង្រឹងប្រព័ន្ធភស្តុភារកម្ម ការប្រកួតប្រជែងក្នុងវិស័យថាមពល បរិយាកាសធុរកិច្ច និងការអភិវឌ្ឍជំនាញ ដើម្បីគាំទ្រដល់ការជំរុញវិស័យឧស្សាហកម្ម និងកំណើនដែលដឹកនាំដោយវិស័យឯកជន។
លោកស្រី Keiko Miwa បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍ និងរីកចម្រើន គួរឱ្យកត់សម្គាល់ប៉ុន្មានទសវត្សរ៍មកនេះ ហើយបានបញ្ជាក់ជាថ្មីនូវភាពជាដៃគូយូរអង្វែងរបស់ IFC ជាមួយប្រទេសកម្ពុជាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០។ លោកស្រីបានគូសបញ្ជាក់អំពីការវិនិយោគរបស់ IFC នៅក្នុងប្រទេសកម្ពុជា លើច្រើនវិស័យរួមមាន វិស័យហិរញ្ញវត្ថុ ផលិតកម្ម កសិកម្ម ថាមពលកកើតឡើងវិញ និងហិរញ្ញប្បទានពាណិជ្ជកម្ម ក៏ដូចជាការគាំទ្រផ្នែកប្រឹក្សាយោបល់ជាបន្តបន្ទាប់របស់ខ្លួនក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជនផ្នែកភស្តុភារកម្ម, ហិរញ្ញប្បទានប្រកបដោយចីរភាព, ហិរញ្ញវត្ថុបៃតង (green taxonomy), ការអភិវឌ្ឍទីផ្សារមូលធន និងការប្រកួតប្រជែងរបស់វិស័យឯកជន។ ការណ៍នេះបង្ហាញឱ្យឃើញពីលទ្ធផលផ្លែផ្កានៃការរួមចំណែកជាអនុសាសន៍គោលនយោបាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកស្រី Towfiqua Hoque តំណាងប្រចាំកម្ពុជានៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យ IFC ពិនិត្យលទ្ធភាពក្នុងការធ្វើពិពិធកម្មនៃការគំាទ្រលើវិស័យនានា រួមមាន ភស្តុភារកម្ម ថាមពល ឧស្សាហកម្ម និងកសិកម្ម ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យ IFC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកការ វិនិយោគ ទៅក្នុងវិស័យយុទ្ធសាស្ត្រ រួមមាន ការវិនិយោគបៃតងនិងចីរភាព តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងខ្សែសង្វាក់តម្លៃ ភស្តុភារកម្ម និងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការអភិវឌ្ឍជំនាញស្របតាមតម្រូវការវិស័យឯកជន។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃអក្ខរកម្មហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ និងការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយក្រមសីលធម៌ ជាពិសេសនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីធានាបាននូវលទ្ធផលនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់គណៈប្រតិភូ IFC ចំពោះការវិនិយោគនិងការគាំទ្រដល់វិស័យឯកជននិងហិរញ្ញវត្ថុនៅកម្ពុជា ពិសេសការផ្តល់ប្រឹក្សាក្នុងការរៀបចំគោលនយោបាយ ដែលស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល តម្រូវការវិស័យឯកជន និងគោលដៅ រយៈពេលវែងរបស់កម្ពុជា។
