ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសក្នុងការការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

(កំពង់ធំ)៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី បានចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ដំណើរចុះសាកសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម ហួត ហាក់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរកងទ័ព និងក្រុមគ្រួសារ នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តកំពង់ធំរបស់យើងផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការគោរពដឹងគុណ ការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបងប្អូនវីរកងទ័ពទាំងអស់ នូវវីរភាពនិងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជាយើងពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរឱ្យវីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី​ប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំង​ប្រតិភូអមដំណើរ បានផ្ដល់ការឧបត្ថម្ភលើកទឹកចិត្តដល់វីរកងទ័ព​ដែលកំពុងសម្រាកព្យាបាលទាំងអស់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​ផ្សេងទៀត។

ទន្ទឹមនេះដែរ ដោយមានសំណូមពរពីសំណាក់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី​ប្រចាំការ វង្សី វិស្សុត ក៏បានឧបត្ថម្ភថវិកាចំនួន ១២ ០០០ ដុល្លារអាម៉េរិកដល់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។