ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន Bendigo Kangan Institute (BKI) របស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន Bendigo Kangan Institute (BKI)  របស់ប្រទេសអូស្ត្រាលី និង មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC)  ដឹកនាំដោយលោកស្រី Bridget Collier អនុប្រធានបេសកកម្មទូតនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល ACEC ព្រមទាំងពិនិត្យលទ្ធភាពក្នុងការផ្សារភ្ជាប់កិច្ចការងាររបស់មជ្ឈមណ្ឌល ACEC ទៅនឹងការផ្តល់អនុសាសន៍ និងតាមដាននិងវាយតម្លៃគោលនយោបាយ ក្រោមយន្តការគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) នៃទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសរំលេចអំពីស្ថានភាពទូទៅ និងបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះពាក់ព័ន្ធនឹងជំនាញ និងកម្លាំងពលកម្មនៅកម្ពុជា។ ក្នុងនោះ ឯកឧត្តមបានលើកឡើងថា គម្លាតនៃប្រភេទជំនាញនិងគុណភាពជំនាញនៅក្នុងទីផ្សារជាមួយនឹងតម្រូវការជំនាញជាក់ស្តែង ទាំងក្នុងវិស័យផលិតយានយន្ត ក៏ដូចជាវិស័យដទៃទៀត គឺជាបញ្ហាប្រឈមសំខាន់មួយដល់ការអភិវឌ្ឍនិងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការលើកកម្ពស់ជំនាញដែលជាផ្នែកមួយនៃការកសាងមូលធនមនុស្ស ជារបៀបវារៈគោលនយោបាយដ៏សំខាន់ ដើម្បីលើកកម្ពស់ផលិតភាពនៃកម្លាំងពលកម្ម និងបង្កើនភាពប្រកួតប្រជែង ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់និយោជិត។

តំណាងគណៈប្រតិភូ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌល ACEC ជាគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership) ផ្តោតលើការរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត (TVET in Automotive Sector) ក្រោមកិច្ចសហការរវាងក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន BKI របស់ប្រទេសអូស្ត្រាលី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនិទានកម្មនៃការបង្កើតមជ្ឈមណ្ឌល ACEC នេះឡើងគឺដោយសារ ការមើលឃើញពីភាពមានកម្រិតក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យយានយន្ត​នៅកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនជួបបញ្ហាប្រឈមជាប្រចាំក្នុងការរក្សាបាននូវបុគ្គលិកជំនាញក្នុងរយៈពេលវែង ស្របពេលដែលតម្រូវការជំនាញក្នុងវិស័យនេះមានការកើនឡើងជាបន្តបន្ទាប់។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំដោយផ្អែកលើគំរូអនុវត្តរបស់មជ្ឈមណ្ឌល Automotive Centre of Excellence (ACE) របស់ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ប្រព័ន្ធកម្មសិក្សាវិជ្ជាជីវៈ (Apprenticeship System) ដែលអាចអនុញ្ញាតឱ្យសិស្សនៅមជ្ឈមណ្ឌលទទួលបានការបណ្តុះបណ្តាល និងការអនុវត្តការងារក្នុងពេលតែមួយ។ គំនិតផ្តួចផ្តើមនេះមានមហិច្ឆតាជួយជំរុញឱ្យកម្ពុជាក្លាយជាបណ្តុំនៃការបណ្តុះបណ្តាលវីជ្ជាជីវៈលើវិស័យយានយន្ត (Hub for Automotive Vocational Training) នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានផែនការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិលើវិស័យផ្សេងទៀតផងដែរនាពេលអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍជំនាញ និងស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការគិតគូររៀបចំឱ្យមាននូវផែនទីជំនាញ (Skill Mapping) និងក្របខ័ណ្ឌអភិវឌ្ឍន៍ជំនាញច្បាស់លាស់ តាមរយៈការបង្កើនជំនាញ (Upskill) និងការបណ្តុះបណ្តាលជំនាញឡើងវិញ (Reskill) ព្រមទាំងជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋចំពោះការឱ្យតម្លៃ និងការចាប់យកជំនាញ TVET ផងដែរ។ ឯកឧត្តមបានបន្តថា គំនិតផ្តួចផ្តើមរបស់ ACEC ពិតជាដើរតួនាទីសំខាន់ក្នុងការជំរុញ TVET នៅកម្ពុជាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព  សំដៅទាក់ទាញ និងជំរុញការវិនិយោគវិស័យឧស្សាហកម្មយានយន្ត ហើយក៏ជាមូលដ្ឋានចាំបាច់សម្រាប់វិស័យដទៃទៀត ដែលនឹងរួមចំណែកដល់ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់កំណើនផលិតភាពការងារ ពិសេសការធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចដោយផ្អែកលើផលិតភាពការងារ។

ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះការបន្តចូលរួមគាំទ្រនិងភាពជាដៃគូរបស់រដ្ឋាភិបាលអូស្ត្រាលីនៅក្នុងដំណើរការកែទម្រង់ និងការអភិវឌ្ឍប្រទេសកម្ពុជា និងបានបញ្ជាក់ពីក្តីសង្ឃឹមយ៉ាងមុតមាំថា គំនិតផ្តួចផ្តើម ACEC នេះនឹងទទួលបានជោគជ័យ ហើយកម្ពុជាពិតជាមានមោទនភាពនៅពេលដែលប្រជាពលរដ្ឋរបស់ខ្លួនទទួលបាននូវការបណ្តុះបណ្តាលជំនាញច្បាស់លាស់ និងឱកាសការងារដែលមានប្រាក់ឈ្នួលខ្ពស់។