ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ (ក.ជ.ស.)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា (ក.ជ.ស.) ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងប្រសាសន៍បើកកិច្ចប្រជុំ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា កិច្ចប្រជុំលើកទី១នេះ និងក៏ជាកិច្ចប្រជុំប្រចាំឆ្នាំផងដែរ ដើម្បីត្រួតពិនិត្យនូវស្ថានភាពរួម និងវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ស្របតាមព្រះរាជក្រឹត្យ​ស្ដីពី​ការផ្ដល់ឋានៈសាស្ត្រាចារ្យ និងដើម្បីកំណត់នូវទិសដៅការងារ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ និងគុណតម្លៃរបស់សាស្ត្រាចារ្យ ក៏ដូចជាគ្រូបង្រៀន ដើម្បីរួមចំណែកអភិវឌ្ឍការបណ្តុះបណ្ដាលធនធានមនុស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សាឱ្យមានគុណភាពខ្ពស់ ស្របតាមទិសដៅនៃការកសាងនិងអភិវឌ្ឍមូលធនមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងការកោតសរសើរចំពោះឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ព្រមទាំងឯកឧត្តមអនុប្រធាន និងសមាជិក នៃ ក.ជ.ស. ដែលបានខិតខំជំរុញការងារផ្តល់ឋានៈសាស្ត្រចារ្យនេះប្រកបដោយការទទួលខុសត្រូវ ក្នុងរយៈកាលកន្លងមក ទាំងក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាជាតិ និងក៏ដូចជាក្នុងក្របខ័ណ្ឌនៃក្រសួងអប់រំ យុវជន និងកីឡា និងនៅតាមក្រសួងវិស័យជំនាញរបស់ខ្លួន ដូចជាវិស័យសុខាភិបាល និងកសិកម្មជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ផងដែរអំពីតួនាទី​របស់​ក្រុមប្រឹក្សាជាតិ ក.ជ.ស. ក្នុង​ការ​ពង្រឹងគុណភាពនៃ​ការផ្ដល់ឋានៈសាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃ​ការជ្រើសរើស និងការពិនិត្យ​ផ្ទៀងផ្ទាត់​ច្បាស់លាស់​លើ​គុណភាព​នៃការ​ប្រឡង​ជ្រើសរើស ​  សាស្ត្រាចារ្យ ដើម្បី​ធានាបាន​នូវគុណតម្លៃរបស់​សាស្ត្រាចារ្យ​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារចំពោះមុខមួយចំនួនរបស់ ក.ជ.ស. ដើម្បីឈានទៅអនុវត្តការងារបច្ចេកទេសផ្សេងៗទៀត ដូចជាការរៀបចំរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាននៃ ក.ជ.ស. បទបញ្ជាផ្ទៃក្នុង ការបង្កើតគណៈកម្មការជំនាញតាមវិស័យ និងការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យតាមវិស័យជាដើម​។ បន្ថែមលើនេះ ក៏ត្រូវគិតគូរអំពីក្របខ័ណ្ឌនៃការរៀបចំ Expert Group ដើម្បីជាយន្តការត្រួតពិនិត្យ​ពីការវាយតម្លៃ ជ្រើសរើស និងផ្ដល់ឋានៈសាស្ត្រាចារ្យ ដើម្បីឱ្យដំណើរការផ្ដល់ឋានៈនេះ ប្រកបដោយភាពហ្មត់ចត់​ មានគុណភាព និងធានាឱ្យបាននូវគុណវុឌ្ឍិនិងគុណតម្លៃនៃសាស្ត្រាចារ្យ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ ពីការរៀបចំក្របខ័ណ្ឌនៃសហគមន៍ស្រាវជ្រាវ (Research Community) និងអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលមានភាពប្រទាក់ក្រឡាគ្នាជា Research Ecosystem ក្នុងការចូលរួមក្នុងការពង្រឹងនិងលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ សម្រាប់ជាគុណប្រយោជន៍របស់ប្រទេសជាតិ។