ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បើកសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ប្រធានក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងដើម្បី​ពង្រឹងចំណេះដឹងអំពី AI និងមានលទ្ធភាពអាចប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ ចំពោះ ECOSOCC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំនិងចូលរួមសិក្ខាសាលាដ៏ទូលំទូលាយនិងមានសំខាន់នេះ ស័ក្តិសមទៅនឹងបរិបទ​បច្ចុប្បន្ន ដែល AI កំពុងវិវត្តទៅមុខយ៉ាងលឿន និងបាននាំមកនូវការប្រែប្រួលមិនធ្លាប់មាន (Radical Transformation) នៅគ្រប់​វិស័យ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ រួមទាំងវិស័យអភិបាលកិច្ចសាធារណៈ ជាពិសេសសិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីស្មារតីបុរេសកម្ម និងឆន្ទៈរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈ​រដ្ឋមន្ត្រី ក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ដោយប្រើប្រាស់បច្ចេកវិទ្យា​​ថ្មីៗ ដើម្បីគាំទ្រដល់ការបំពេញមុខងារ និងតួនាទីរបស់ខ្លួនក្នុងនាមជាសេនាធិការជូននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា ការកំណត់យកបច្ចេកវិទ្យាឌីជីថលជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង គោលនយោបាយ​ពាក់ព័ន្ធផ្សេងទៀត រួមមាន «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» និង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការ​ដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវឆន្ទៈមោះមុតនេះ តាមរយៈ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយក្នុងនោះ «បច្ចេកវិទ្យា» គឺជាអាទិភាពគន្លឹះមួយ ហើយ «ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានកំណត់ជារបៀបវារៈថ្មីនៃគោលនយោបាយប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានមុខងាររួមចំណែក​ក្នុងការសម្រេចចិត្តសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តជាគោលនយោបាយ ជាយុទ្ធសាស្ត្រ និងការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំណត់ទិសដៅនៃការកសាង និងការអភិវឌ្ឍជាតិ ការធ្វើទំនើបកម្ម និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា គឺជាកាតព្វកិច្ចសំខាន់ ហើយទីស្តីការគណៈរដ្ឋមន្ត្រី​​បានដាក់ឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨, ផែនទីបង្ហាញផ្លូវ​ស្តីពី​ការជំរុញ​បរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងឆាប់ៗនេះក៏នឹងដាក់ចេញនូវ កម្មវិធីបរិវត្តកម្ម​ឌីជីថលនៅទីស្ដីការ​គណៈ​រដ្ឋមន្ត្រី សម្រាប់បម្រើដល់ការអនុវត្តការងារ ព្រមទាំង​មានការផ្សារភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា សិក្ខាសាលានេះគឺជាការចាប់ផ្តើមនៃ​ការ​បណ្តុះបណ្តាលនៅទីស្តីការគណៈរដ្ឋមន្រ្តីពាក់ព័ន្ធនឹង AI ហើយនឹងមានការរៀបចំបន្តទៀត តាមផ្នែក តាមមុខងារ និងភាពចាំបាច់នៃការងាររបស់អង្គភាព ដើម្បីឱ្យ​ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី​យល់​ច្បាស់ពីមូលដ្ឋាន​គ្រឹះ​នៃ AI ការប្រើប្រាស់ ហានិភ័យនិងបញ្ហា​ប្រឈម។ AI នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនិងការងារ ដែលគួរចាត់ទុកជាឧបករណ៍បំពេញ​បន្ថែម ប៉ុន្តែមិនជំនួសការងាររបស់​មនុស្សទាំងស្រុងនោះទេ។ ដូច្នេះដើម្បីធានានូវប្រសិទ្ធភាព និងផលប្រយោជន៍,​ ថ្នាក់ដឹកនាំ អង្គភាព និងមន្ត្រីរាជការនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ គុណតម្លៃ និងក្រមសីលធម៌។ យើងត្រូវប្រើប្រាស់ AI ដើម្បីរត់ទាន់គេ ដែលជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ដោយកុំខ្លាច ប៉ុន្តែកុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ និងមានការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខនៃការប្រើប្រាស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បាន​ជំរុញនិងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើស្វ័យសិក្សានិងស្វែងយល់បន្ថែមពី AI ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សិក្សាពេញមួយជីវិត (Life-long learning) ដើម្បីពង្រឹងនិងពង្រីកសមត្ថភាព បង្កើនផលិតភាព គុណភាព និង​ប្រសិទ្ធភាពការងារ ដែលនឹងអនុញ្ញាត​ឱ្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រីបោះជំហានទៅមុខ ក្នុងមាគ៌ានៃការធ្វើបរិវត្ត​កម្ម​ឌីជីថល​ប្រកបដោយភាព​ម៉ឺងម៉ាត់ ច្បាស់លាស់ និងស័ក្ដសិទ្ធិភាព។