នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ប្រតិភូនាំយកអំណោយពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ទៅប្រគល់ជូនវីរកងទ័ពនៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានខិតខំតស៊ូដ៏ស្វិតស្វាញនិងប្តូរផ្តាច់នៅលើសមរភូមិ ដោយហ៊ានលះបង់ដ៏ធំធេង ដើម្បីបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជាយើង។
ពិធីប្រគល់ទទួលអំណោយទាំងនេះ បានប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ រវាងឯកឧត្តម អ៊ុក ស៊ីហា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានប្រតិភូតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
អំណោយខាងលើនេះ រួមមាន´៖ (១).បារីសេក ១០០សុង (២).សាច់ក្រក ១០០ គីឡូ (៣).ឆៃប៉ូវ ១០០គីឡូ (៤).ត្រីងៀត ១០០គីឡូ (៥).ទឹកត្រី ១០០យួរ (៦).ទឹកស៊ីអ៊ីវ ១០០យួរ (៧).សៀងផ្អែម ៥០យួរ (៨).មីកំប៉ុង ៨០កេស (៩).កាហ្វេ ៥កេស (១០).ត្រីខកំប៉ុង ៥កេស (១១).ទឹកបរិសុទ្ធ V-Active ៥០០កេស (១២).ទឹកបរិសុទ្ធ Angkor Puro ៣០០កេស (១៣).ទឹកបរិសុទ្ធគីរីរម្យ ១០០កេស (១៤).ភេសជ្ជៈ V-Cola ២៥០កេស (១៥).ភេសជ្ជៈ Krud Pure Charge ២៥០កេស (១៦).អំបុកសាច់ជ្រូកផាត់ ១៦០កញ្ជប់ (១៧).អំបុកត្រីងៀតផាត់ ៤១កញ្ជប់ (១៨).ចំណុះខ្លាញ់១០០កញ្ចប់ (១៩).គ្រាប់ពូជត្រកួន ១០០កញ្ចប់ និង (២០).ថវិកាចំនួន ២០ លានរៀល ដែលបានមកពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ក្នុងស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិដ៏ក្លៀវក្លា និងការចែករំលែក ដែលគូសបញ្ជាក់ឱ្យឃើញថា សមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខយ៉ាងរឹងមាំ និងជាកម្លាំងរួបរួមគ្នាជាធ្លុងមួយ ទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្តល់នូវអំណោយឧបត្ថម្ភនេះ។
គួរបញ្ជាក់ផងដែរថា កងពលធំអន្តរាគមន៍លេខ៣ គឺជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
