(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាបណ្ណសារ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជាអនុប្រធាន ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិដែលបង្កើតឡើងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤២ សសរ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដែលមានភារកិច្ចធ្វើសមាហរណកម្មបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ និងពិនិត្យ, សិក្សា, លើកយោបល់ និងរៀបចំក្របខ័ណ្ឌគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងផែនការមេធ្វើទំនើបកម្មនៃបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា បណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិពិតជាមានសារៈសំខាន់សម្រាប់ការទ្រទ្រង់ដល់ការការពារជាតិ, ការកសាង, និងការអភិវឌ្ឍជាតិ ព្រមទាំងជាមូលដ្ឋានសម្រាប់ការស្រាវជ្រាវសិក្សា និងការបណ្តុះធនធានមនុស្ស និងម្ខាងទៀតគឺសម្រាប់ការរក្សាទុកដាក់ថែរក្សានូវឯកសារជាតិសំខាន់ៗដែលមានតម្លៃជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន ហើយជាដួងព្រលឹងនិងជាអត្តសញ្ញាណជាតិ និងមានអត្ថន័យទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ, រដ្ឋបាល, និងច្បាប់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ស្ថាប័នបងប្អូនទាំងពីរ ដែលស្ថិតនៅក្រោមដំបូលតែមួយនេះ មានមុខងារម្ខាងការពារការចងចាំរបស់ជាតិពីអតីតកាល និងម្ខាងទៀតជាស្ពានចម្លងចំណេះដឹងទៅកាន់អនាគតកាល ក្នុងយុគសម័យឌីជីថល ដើម្បីបម្រើឱ្យការស្រាវជ្រាវ, ការអប់រំ, និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យសង្គម-សេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសរួចមក, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់ការណែនាំឱ្យបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីរៀបចំលក្ខខណ្ឌយោងក្នុងការស្វែងរកក្រុមទីប្រឹក្សាបច្ចេកទេសដោយរួមបញ្ចូលទាំងខ្មែរនិងបរទេស ដើម្បីរៀបចំផែនការមេសម្រាប់ការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិតាមស្ដង់ដារអន្តរជាតិ ដោយមានការគិតគូរហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយលើការកសាងធនធានមនុស្ស, ហិរញ្ញវត្ថុ, និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបំពាក់ឯកសារដែលមានស្រាប់និងឯកសារដែលពុំទាន់មានដែលអាចរកបាន សំដៅធ្វើការយ៉ាងណាឱ្យអាចមានដំណើរការពេញលេញនិងមាននិរន្តរភាព។ ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់ថា យើងចាំបាច់ត្រូវតែហ៊ានវិនិយោគលើកិច្ចការដ៏សំខាន់នេះ។
ទន្ទឹមនេះ ពាក់ព័ន្ធនឹងការរៀបចំពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា, ឯកឧត្ដម វង្សី វិស្សុត ចាត់ទុកថានេះគឺជាព្រឹត្តការណ៍ដ៏សំខាន់និងមានតម្លៃជាប្រវត្តិសាស្ត្រ ដោយសារបណ្ណសារដ្ឋានជាតិត្រូវបានបង្កើតឡើងក្នុងអំឡុងនៃការគ្រប់គ្រងរបស់អាណាព្យាបាលបារាំង ហើយពិព័រណ៍ខួប១០០ឆ្នាំនេះ គ្រោងនឹងប្រពឹត្តឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ (Francophonie 2026) ហើយអាចនឹងមានការចូលរួមពីសំណាក់ឯកឧត្ដមប្រធានាធិបតីបារាំង Emmanuel Macron និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានាផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់ការណែនាំលើការត្រៀមរៀបចំកិច្ចការមួយចំនួន ដើម្បីប្រើប្រាស់ឱកាសដ៏កម្រនេះ សម្រាប់បង្ហាញអំពីសិល្បៈ, វប្បធម៌, ប្រពៃណី,និងប្រវត្តិសាស្រ្តដែលជាអំណាចទន់របស់កម្ពុជាដល់ពិភពលោក ក៏ដូចជាបង្ហាញអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជានិងប្រទេសបារាំង ព្រមទាំងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសាររបស់ខ្លួនសម្រាប់យុវជនជំនាន់ក្រោយផងដែរ។
