(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្ម
ឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់ការតម្រង់ទិស និងផ្តល់ដំណោះស្រាយចំពោះបញ្ហាជាក់ស្តែងនានា សំដៅពន្លឿនការដ្ឋានការងារបរិវត្តកម្មឌីជីថលដូចមានកំណត់ក្នុង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០២៤–២០២៨» ដែលត្រូវបានដាក់ឱ្យអនុវត្ត កាលពីឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងថា ការចាប់យកបច្ចេកវិទ្យាឌីជីថលក្នុង
ការបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី គឺជាកិច្ចការសំខាន់ចាំបាច់ ដើម្បីឱ្យទីស្តីការគណៈរដ្ឋមន្ត្រីអាចគាំទ្រនិងបម្រើដល់តម្រូវការការងាររបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ឱ្យបានកាន់តែប្រសើរឡើង ស្របតាមតម្រូវការ និងការវិវត្តនៃបច្ចេកវិទ្យា និងស្ថានភាពសង្គមសេដ្ឋកិច្ច។
ក្រោយពីបានស្តាប់បទបង្ហាញរបស់ក្រុមការងារបច្ចេកទេសលើវឌ្ឍនភាពការងារទាំងឡាយខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលសម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុង
រយៈពេលប្រមាណ ៦ខែចុងក្រោយនេះ ទាំងក្នុងទិដ្ឋភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍកម្មវិធីសុសវែរមួយចំនួន ដូចជាប្រព័ន្ធគ្រប់គ្រងមូលទិន្នន័យថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ប្រព័ន្ធគ្រប់គ្រងរំហូរឯកសារ ប្រព័ន្ធគ្រប់គ្រងកិច្ចប្រជុំក្នុងយន្តការទីស្តីការគណៈរដ្ឋមន្ត្រី ប្រព័ន្ធមូលទិន្នន័យឯកសារ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យក្រុមការងារបន្តជំរុញកិច្ចការនេះឱ្យសម្រេចបានជាសមិទ្ធផល ហើយអាចប្រើប្រាស់បានក្នុងពេល
ឆាប់ៗខាងមុខ ដោយធ្វើយ៉ាងធានាឱ្យបាននូវភាពជាម្ចាស់នៃទិន្នន័យ និងប្រព័ន្ធ (Ownership), សន្តិសុខ
ឌីជីថល (Security) និងលទ្ធភាពបម្រើឱ្យគោលដៅការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានក្រើនរំលឹកអំពីភាពចាំបាច់នៃការងារបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការចូលរួមសម្រេចនូវចក្ខុវិស័យដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យរបស់គោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលជាឯកសារដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
