ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងជាសមាជិករបស់ គ.ក.ច. ព្រមទាំងតំណាងក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ អ្នកជំនាញការ ផ្នែកច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ដែលបានបំពេញមុខងារនិងភារកិច្ចរបស់ខ្លួនប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រេចបាននូវសមិទ្ធផលការងារគន្លឹះសំខាន់ៗ រួមមាន ការរៀបចំស្ថាប័ន រចនាសម្ព័ន្ធ និងការកសាង និងអភិវឌ្ឍធនធានមនុស្ស, ការកសាងយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់, ការចងក្រងឯកសារ ដូចជា កម្រងវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កម្រងច្បាប់ចាប់ពីនីតិកាលទី១ដល់នីតិកាលទី៧ នៃរដ្ឋសភា ប្រវត្តិនៃការកែទម្រង់ច្បាប់នៅកម្ពុជាពីឆ្នាំ ១៩៧៩-បច្ចុប្បន្ន កម្រងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារនានាពាក់ព័ន្ធការកែទម្រង់ច្បាប់ កម្ពុជា និងកម្រងអត្ថបទជាង ២០ប្រធានបទ អំពីប្រព័ន្ធច្បាប់ពិភពលោក និងប្រព័ន្ធច្បាប់កម្ពុជាប្រមាណ ១០០០ទំព័រ, ការស្វែងយល់ អំពីយន្តការកសាងនិងកែទម្រង់ច្បាប់ជាក់ស្តែង, ការកសាងទំនាក់ទំនងជាមួយដៃគូជាតិ-អន្តរជាតិ, ការផ្សព្វផ្សាយអំពីសកម្មភាពកែទម្រង់ច្បាប់ និង ការរៀបចំឯកសារទស្សនាទាននានា ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមបរិបទកម្ពុជា និងឧត្តមានុវត្តន៍អន្តរជាតិ។ ជាមួយគ្នានេះ គ.ក.ច. ក៏បានកំណត់នូវគោលដៅ និងផែនការសកម្មភាពអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ ដើម្បីកសាង អភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងធានា ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង៤ ដែលបានកំណត់ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យនិងពិភាក្សាលើក្របខ័ណ្ឌទស្សនា ទាន ស្ដីពីការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា ដែលសេចក្ដីព្រាងក្របខ័ណ្ឌទស្សនាទាននេះ ត្រូវបានរៀបចំតាមរយៈការប្រមូលធាតុចូលចេញពី អង្គសិក្ខាសាលាស្តីពី «ប្រព័ន្ធច្បាប់កម្ពុជា» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងការពិគ្រោះយោបល់ ការស្រាវជ្រាវ និងកិច្ចប្រជុំកម្រិតបច្ចេកទេសជាច្រើនមុននឹងឈានទៅដល់ការកសាង “ក្របខ័ណ្ឌនៃប្រព័ន្ធច្បាប់” ដែលនឹង ដើរតួនាទី ជាមគ្គទេសក៍បង្ហាញផ្លូវដើម្បីធានាសុខដុមនីយកម្ម ឯកសណ្ឋា នូបនីយកម្ម និងឈានទៅដល់ការសម្រេច បានបូរណភាពនៃធាតុផ្សំទាំងអស់នៃប្រព័ន្ធច្បាប់ទាំងមូល។

អង្គប្រជុំបានអនុម័តលើរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល អាចសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក។ ដោយឡែក ចំពោះក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា, អង្គប្រជុំបានអនុម័តជាគោលការណ៍ និងឱ្យរៀបចំក្រុមការងារជំនាញចង្អៀតមួយដើម្បីពិនិត្យនិងកែសម្រួលនូវចំណុចមួយចំនួន ដោយផ្អែកលើធាតុចូល និងមតិរបស់អង្គប្រជុំ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា យើងចាំបាច់ត្រូវតែគិតគូរពីការគំរាមកំហែងនិងការឈ្លានពានរបស់ថៃ ក៏ដូចជាការវិវត្តនៃបរិការណ៍ថ្មីៗពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ពិភពលោក ពិសេសសង្គ្រាមនៅមជ្ឈិមបូព៌ា សម្រាប់ការរៀបចំឯកសារទស្សនាទាន យុទ្ធសាស្រ្ត ផែនការសកម្មភាព និងក្របខ័ណ្ឌការងារកែទម្រង់ច្បាប់ ដើម្បីជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រទេស ការពង្រឹងអភិបាលកិច្ច ភាពជាម្ចាស់  និងភាពធន់របស់ជាតិ ការការពារជាតិ និងការកសាជាតិ ក្នុងរយៈពេលយូរអង្វែង ប្រកបដោយចីរភាព និងវិបុលភាព។ ទន្ទឹមនេះ ក្រៅពីសសរស្ដម្ភនៃការរៀបចំប្រព័ន្ធច្បាប់មួយ ឱ្យមានសុខដុមនីយកម្ម សន្តិសុខគតិយុត្ត ឯកសណ្ឋាន ភាវូបនីយកម្ម សមានគតិភាព និងបូរណភាពនៃប្រព័ន្ធច្បាប់ទាំងមូល, យើងក៏ត្រូវការជាចាំបាច់នូវសសរស្ដម្ភមួយទៀត គឺការបណ្តុះ វប្បធម៌និងឥរិយាបថគោរពច្បាប់និងនីតិរដ្ឋ ដែលទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ទាំងមន្រ្តីរាជការ និងទាំងប្រជាជន ត្រូវតែរៀនសូត្រ បញ្ជ្រាបឱ្យទៅជាផ្នត់គំនិតនិងវិធាននៃការបំពេញការងារនិងការរស់នៅ។