ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍គណៈប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ (GALA DINNER) ស្វាគមន៍គណៈប្រតិភូ វាគ្មិន អ្នកសម្របសម្រួល និងភ្ញៀវជាតិអន្តរជាតិ​ ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ និងជាប្រធានគណៈកម្មការរៀបចំ ICCOS, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន អ្នកសម្របសម្រួល និងគណៈប្រតិភូទាំងអស់ ចំពោះការប្តេជ្ញាចិត្ត និងការចែករំលែកបទពិសោធ និងទស្សនៈក្នុងសន្និសីទអន្តរជាតិនេះ កិច្ចដំណើរការរបស់សន្និសីទអន្តរជាតិក្នុងរយៈពេលពេញមួយថ្ងៃដ៏មមាញឹក ប្រកបដោយផ្លែផ្កានេះ បានផ្តល់នូវសារយ៉ាងច្បាស់ថា៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធសាយប័រ (cyber fraud ) ពិតជាស្មុគស្មាញ, គ្រោះថ្នាក់ និងគ្មានព្រំដែន ហើយគ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះតែឯងបានឡើយ យើងក៏បានពិភាក្សាអំពីទំហំ និងភាពបន្ទាន់នៃបញ្ហានេះ ក៏ដូចជាការឆ្លើយតបទាំងកម្រិតតំបន់ និងសកល ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន, ការបង្ក្រាប, ការបង្ការ និងភាពធន់ប្រព័ន្ធសាយប័រ (Cyber Resilience) ដូចនេះ សារយ៉ាងច្បាស់មួយទៀតគឺយើងត្រូវប្រែក្លាយកង្វល់រួមរបស់យើង ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងដ៏មានប្រសិទ្ធភាព

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ស្វាហាប់និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាមានជំហរច្បាស់លាស់៖ គឺមិនអត់ឱនជាដាច់ខាតចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនទាំងនោះឡើយ កម្ពុជាមានគោលដៅដាច់ណាត់ ក្នុងការកម្ចាត់បណ្តាញឆបោកទាំងនេះឱ្យអស់ទាំងស្រុង និងទប់ស្កាត់មិនឱ្យបណ្តាញទាំងនេះមានលទ្ធភាពធ្វើសកម្មភាព
ឆបោកបានឡើយ

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ក្រៅពីការជួបជុំគ្នា និងការសន្ទនាដែលអាចជួយធ្វើឱ្យយើងបានស្វែងយល់ទស្សនៈពីគ្នាទៅវិញទៅមក, នៅក្នុងអំឡុងពេលអាហារពេលល្ងាចដ៏សែនមនោរម្យនេះ គណៈប្រតិភូ និងមិត្តភក្តិបរទេសទាំងអស់ ក៏មានឱកាសបានស្វែងយល់ និងទស្សនានូវសម្រស់ទស្សនីយភាពនៃវប្បធម៌ និងសិល្បៈប្រពៃណីខ្មែរដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានជូនពរដល់គណៈប្រតិភូទាំងអស់ សូមរីករាយនៅក្នុងឱកាសស្នាក់នៅកម្ពុជា និងសូមឱ្យការចូលរួមក្នុង ICCOS នៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ក្លាយទៅជាវេទិកានៃការកសាងទំនុកចិត្ត, ការរួបរួមគ្នា, ចំណងមិត្តភាព, សាមគ្គីភាព និងភាពជាដៃគូយូរអង្វែង ដើម្បីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ទីបំផុត