(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.វ.ប.អ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងព្រមទាំងឯកឧត្ដម បណ្ឌិតសភាចារ្យ ជាសមាជិក និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) ត្រូវបានបង្កើតឡើង ដើម្បីធានាខ្លឹមសារ ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ មានភាពត្រឹមត្រូវ ភាពអាចទុកចិត្តបាន សម្រាប់ការប្រើប្រាស់ ការបកស្រាយ ការបង្រៀន និងការផ្សព្វផ្សាយដោយមានការទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេស ប្រកបដោយគុណតម្លៃ សេចក្ដីថ្លៃថ្នូរ និងលើកកម្ពស់កិត្យានុភាពរបស់ជាតិ។ គ.វ.ប.អ. មានភារកិច្ចសំខាន់ៗដូចជា៖ (១).ពិនិត្យនិងសម្រេចលើសៀវភៅនិងឯកសារផ្លូវការសំខាន់ៗរបស់ជាតិ ដែលក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលបានរៀបចំចងក្រងពាក់ព័ន្ធនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ មុននឹងបោះពុម្ពផ្សាយជាផ្លូវការ ស្របតាមគោលការណ៍វិទ្យាសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈអ្នកស្រាវជ្រាវ និងនិទានកថារបស់ជាតិ (២).ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើឯកសារសំខាន់ៗក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល(៣).ចាត់ចែងនិងសម្របសម្រួលការផ្សព្វផ្សាយសៀវភៅនិងឯកសារសំខាន់ៗរបស់ជាតិ ក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (៤).ផ្តួចផ្តើមឱ្យមានការស្រាវជ្រាវនិងការរៀបចំនិទានកថារបស់ជាតិ ដើម្បីលើកកម្ពស់វប្បធម៌ ប្រវត្តិសាស្រ្ត អារ្យធម៌ខ្មែរ សីលធម៌សង្គម មនសិការស្នេហាជាតិ សាមគ្គី និងឯកភាពជាតិ និង (៥).ផ្តួចផ្តើមនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ។
បន្ទាប់ពីការប្រកាសជាផ្លូវការនូវសមាសភាពរបស់ គ.វ.ប.អ. រួចមក, អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើការកំណត់តួនាទីភារកិច្ច និងសមាសភាពអ្នកជំនាញ និងទីប្រឹក្សា នៃ គ.វ.ប.អ. និងអំពីការរៀបចំសមាសភាពនៃលេខាធិការដ្ឋាន នៃ គ.វ.ប.អ.។ បន្ទាប់ពីអង្គប្រជុំធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានធ្វើការអនុម័តនូវសមាសភាពក្រុមអ្នកជំនាញ និងទីប្រឹក្សា នៃ គ.វ.ប.អ. និង សមាសភាពលេខាធិការដ្ឋាន ដើម្បីគាំទ្រដល់យន្តការ គ.វ.ប.អ. ពិសេសចំពាះមុខ ដើម្បីអាចចាប់ផ្តើមការពិនិត្យផ្ទៀងផ្ទាត់ស្នាដៃស្រាវជ្រាវ និងសៀវភៅពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តមួយចំនួន។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរពាក់ព័ន្ធនឹងការរៀបចំបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ប្រតិបត្តិ (SOP) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃរបៀបរបបបំពេញការងារ និងកិច្ចដំណើររបស់ គ.វ.ប.អ. ដោយរួមទាំងការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ គ.វ.ប.អ. ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពការងារ និងថវិកាប្រចាំឆ្នាំ ដើម្បីឈានទៅសម្រេចគោលដៅរបស់ គ.វ.ប.អ. ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
