(រាជធានីភ្នំពេញ)៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ដឹកនាំដោយព្រះតេជគុណ UNGOK DONGWAN ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ DONGGUK នៃសាធារណរដ្ឋកូរ៉េ និងលោក KEEYUN LEE នាយកក្រុមហ៊ុន HK Industry & HK Agriculture Technology និងប្រតិភូ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពិសេសលទ្ធភាពផ្ដល់អំណោយអគារសិក្សាក្នុងខេត្តកំពង់ធំ ក្រោមគម្រោងជំនួយរបស់សមាគមព្រះពុទ្ធសាសនាកូរ៉េ ដែលជាការរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត សប្បុរសធម៌របស់ប្រតិភូកូរ៉េ ក៏ដូចជាសាកលវិទ្យាល័យ DONGGUK ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ចំពោះការផ្តល់អំណោយអគារសិក្សាក្នុងខេត្តកំពង់ធំ ដែលកំពុងមានការខ្វះខាតអគារសិក្សា ហើយអំណោយឧបត្ថម្ភនេះនឹងចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ធំ ពិសេសដើម្បីដោះស្រាយការលំបាក និងបង្កើនគុណភាពសិក្សានៅតាមតំបន់ជនបទនៃខេត្តកំពង់ធំ។ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ឆ្លុះបញ្ចាំងឱ្យឃើញពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ក៏ដូចជាទំនួលខុសត្រូវសង្គមរបស់វិនិយោគិនកូរ៉េ ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ DONGGUK លើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ តាមរយៈការបង្កើនចំនួនអាហារូបករណ៍ជូននិស្សិតកម្ពុជា ដើម្បីពួកគេអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េនាពេលអនាគត។ ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ថ្នាក់ មធ្យមសិក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់យុវសិស្ស ក្នុងខេត្តកំពង់ធំ។
ព្រះតេជគុណ UNGOK DONGWAN បានជម្រាប ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ជ្រាបអំពីស្ថានភាព ទូទៅសាកលវិទ្យាល័យ DONGGUK ពិសេសលើ មុខវិជ្ជាជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ សិល្បៈភាពយន្ត ឱសថសាស្ត្រ ធុរកិច្ច សេដ្ឋកិច្ច និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយសាកលវិទ្យាល័យបាននិងកំពុងចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និងមានបំណងពង្រីកនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយកម្ពុជាផងដែរ។
មុននឹងបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ DONGGUK បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសិក្សា លទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានមុខវិជ្ជាប្រហាក់ប្រហែលគ្នា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន បញ្ជាក់អំពីគោលបំណងក្នុងការបញ្ជូនមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបន្ថែម នៅសាកលវិទ្យាល័យ DONGGUK នៃសាធារណរដ្ឋកូរ៉េ ផងដែរ។
