(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ប្រតិភូដឹកនាំដោយឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជានាយកខុទ្ទកាល័យ ដើម្បីនាំយកអំណោយពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ប្រគល់ជូនឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីចាត់ចែងចែកជូនដល់ប្រជាជនភៀសសឹក តាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។
អំណោយសម្ភារនិងគ្រឿងឧបភោគបរិភោគខាងលើនេះ រួមមាន ឃីតចំនួន ១០០០កញ្ចប់ (ចំនួន ៧មុខ) និងអង្ករចំនួន ១០០០ការុង ស្មើនឹង១០តោន និងត្រូវបានវេចខ្ចប់ដោយថ្នាក់ដឹកនាំនិងភរិយា ព្រមទាំងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងស្មារតីមនុស្សធម៌ ការចែករំលែក ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីជាការចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនប្រជាជនភៀសសឹក នៅក្នុងពេលដ៏លំបាកនេះ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ មានចំនួន ៥ ២៤៥ គ្រួសារ ស្មើនឹង ១៥ ៨៨៧ នាក់។
