(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ដោយមានការចូលរួមពីឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអញ្ជើញមកបណ្តាប្រទេសអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ន, រដ្ឋបាលរាជធានីខេត្ត និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជនជាច្រើនរូប។
ថ្លែងក្នុងកម្មវិធីបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ក្នុងរយៈពេលចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាបចូលគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ច ដែលនាំមកនូវការកើនឡើងនៃប្រសិទ្ធភាព គុណភាព និងផលិតភាពការងារគ្រប់វិស័យ ហើយមានផលប៉ះពាល់ជាបន្តបន្ទាប់ទៅលើការប្រែប្រួលនៃរបៀបរបបរស់នៅ ធ្វើការ ឬធ្វើពាណិជ្ជកម្ម និងប្រាស្រ័យទាក់ទងគ្នា។ ក្នុងន័យនេះ បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាព (Opportunities) ផង និងហានិភ័យ (Risks) ផង, សម្រាប់កម្ពុជានិងប្រទេសកំពុងអភិវឌ្ឍ ម្ខាងបច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿន (Leapfrog) ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តែម្ខាងទៀត បើការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ ឬតម្រូវការស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (Development gap) នឹងកាន់តែរីកធំឡើងទាំងកម្រិតរវាងប្រទេសនិងប្រទេស និងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ ក៏មានហានិភ័យថ្មីៗដូចជា ឧក្រិដ្ឋកម្មសាយប័រ(Cyber Crime), ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam), ការបាត់បង់ការងារ និងគម្លាតឌីជីថល។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានរំលេចថា រាជរដ្ឋាភិបាលនីតិកាលមុន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាដ៏ម៉ឺងម៉ាត់ ក្នុងការធ្វើបរិវត្តកម្មឌីជីថលគ្រប់ផ្នែកនិងស្រទាប់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ផ្តោតកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងការដ្ឋានចំនួន៣ រួមមានរដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះ និង«ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិជ្ជមានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងភាពជាដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើការងារសម្របសម្រួលនិងជំរុញបរិវត្តកម្មឌីជីថល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធន ការវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីជាប្រយោជន៍ដល់វិស័យសាធារណៈផង និងវិស័យឯកជនផង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹង៖ (១).ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស AI (២).ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមាន ដូចជាបទល្មើសសាយប័រ (Cyber Crime) និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) (៣).គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និង (៤).គម្លាតធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ អំពីមុខសញ្ញានៃការធ្វើបរិវត្តកម្មឌីជីថលបន្តដែលចាំបាច់បំពេញតម្រូវការនៃការអភិវឌ្ឍ និងធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលមានជាអាទិ៍៖ (១).ការបំពាក់និងប្រើប្រាស់បច្ចេកវិទ្យាតាមក្រសួង-ស្ថាប័ន ដើម្បីពង្រឹងប្រតិបត្តិការការងារផ្ទៃក្នុងឱ្យប្រព្រឹត្តទៅលឿន រហ័ស គុណភាពខ្ពស់ ជាពិសេសគាំទ្រដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងការកសាងក្របខ័ណ្ឌគតិយុត្តដោយផ្អែកលើទិន្នន័យ ឬភស្តុតាង (២). ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការលូតលាស់អាជីវកម្ម ពង្រឹងការអនុវត្តច្បាប់ ដោយសមភាពដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងសម្រួលដល់ការចាប់យកបច្ចេកវិទ្យាថ្មីៗ សំដៅបង្កើនផលិតភាពរបស់អាជីវកម្មទាំងនោះ និង(៣).ការបំពាក់ជូនប្រជាជននូវជំនាញឌីជីថលដែលមានតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងគុណភាពការងារជាក់ស្តែងរបស់ពួកគាត់។
ដើម្បីជំរុញសម្ទុះបរិវត្តកម្មឌីជីថលក្នុងការដ្ឋានរដ្ឋាភិបាលឌីជីថលតាមក្រសួង-ស្ថាប័ន ឱ្យកាន់តែខ្លាំងឡើងថែមទៀត ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច រួមមាន៖
ទី១. បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលរបស់ប្រតិបត្តិករ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រាជរដ្ឋាភិបាល ទាំងថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល
ទី២. សហការលើកកម្ពស់សមត្ថភាពចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់មន្រ្តីរាជការ ធុរជន និងប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពក្នុងផ្តល់និងទទួលសេវាសាធារណៈឌីជីថល និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីចរន្តសេដ្ឋកិច្ចឌីជីថលសកល។
ទី៣. ក្រសួង-ស្ថាប័ន រៀបចំផែនការមេបរិវត្តកម្មឌីជីថល ផ្អែកលើផែនការសកម្មភាព ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងចូលរួមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាថ្នាលគន្លឹះរបស់រាជរដ្ឋាភិបាល។
ទី៤. បន្តយកចិត្តទុកដាក់ ក្នុងការជំរុញ និងការបង្កើតបរិស្ថានអំណោយផលដល់ការស្រាវជ្រាវ អភិវឌ្ឍ និង ការចាប់យកបច្ចេកវិទ្យាដែលលើកកម្ពស់ផលិតភាព និងគុណភាពការងារ ក្នុងចំណោមធុរជន និងប្រជាពលរដ្ឋទៅតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យបច្ចេកវិទ្យាទាំងនេះបង្កើតជាតម្លៃបន្ថែមថ្មីៗសម្រាប់សង្គមជាតិ។
ទី៥. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំគោលនយោបាយ និង គោលការណ៍ណែនាំ និងឧបករណ៍ជំនួយ (toolkits) ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ។
ទី៦. ស្នើឱ្យ ក្រសួងស្ថាប័ន សម្រិតសម្រាំងយកមន្ត្រីដែលមានចំណេះជំនាញដើម្បីមកបំពេញការងារនៅ “អង្គភាពបរិវត្តកម្មឌីជីថល” ក្នុងទំហំសមល្មមនឹងតម្រូវការ ដើម្បីឱ្យបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័នមានលក្ខណៈជាប្រព័ន្ធនិងនិរន្តរភាព។
ក្នុងឱកាសនៃពិធីប្រកាសបើកជាផ្លូវការវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈចំនួន៥ រួមមាន (១) អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ស្ដីពីការផ្តល់សេវាពហុបណ្តាញសម្រាប់បង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់រដ្ឋាភិបាល ជាមួយទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈនិងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាស៊ែបៃហ្សង់, (២) អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងបញ្ញាសិប្បនិម្មិតនិងការអភិវឌ្ឍឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន, (៣) អនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ UN-ESCAP, (៤) អនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយឥតសំណង FEXTE ដើម្បីអភិវឌ្ឍក្របខណ្ឌយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិសម្រាប់រដ្ឋាភិបាលឌីជីថលកម្ពុជា ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និង (៥) អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំពានរង្វាន់សន្តិសុខសាយប័រឆ្នាំ២០២៦ ជាមួយក្រុមហ៊ុន TATIUS LIMITED COMPANY របស់ចក្រភពអង់គ្លេស។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានអញ្ជើញចុចប៉ូតុងជានិមិត្តរូប ដើម្បីប្រកាសដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងនាំមកនូវបច្ច័យថ្មីៗបន្ថែមទៀតសម្រាប់សង្គមសេដ្ឋកិច្ច ហើយក៏អាចចាត់ទុកជាបង្គោលចរថ្មីមួយនៃដំណើរ បរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ។
