ព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី «បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា»។ សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និង អគ្គនាយកដ្ឋានរាជកិច្ចនិងបណ្ណសារជាតិ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិតសរុបប្រមាណ ៥០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះមាន អត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្មែរយើង ជាពិសេសការថែរក្សាការពារកេរដំណែល និងបេតិកភណ្ឌឯកសាររដ្ឋបាលរបស់ជាតិ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាគតិយុត្ត ក៏ដូចជាលើកស្ទួយស្មារតីសេ្នហាជាតិ និងការចងចាំរបស់ជាតិ។ ឯកឧត្តមបានបន្តថា ការរៀបចំសិក្ខាសាលានេះមានគោលដៅចម្បងចំនួន ២ គឺ៖ ទី១. ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃ និងតួនាទីមិនអាចខ្វះបានរបស់ បណ្ណសារដ្ឋានជាតិ ក្នុងការអភិរក្ស ការថែរក្សា និងការគ្រប់គ្រងឯកសារជាតិ ឯកសារប្រវត្តិសាស្រ្ត និងកំណត់ត្រានានា ដែលមានអាយុកាលយូរលង់ ហើយសុទ្ធសឹងតែជាឯកសារដ៏មានតម្លៃ និងជាបេតិកភណ្ឌប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន និង ទី២. ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់បណ្ណសារដ្ឋានជាតិឱ្យកាន់តែទូលំទូលាយ ព្រោះបណ្ណសារបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមជាតិ និងប្រវត្តិសាស្រ្តទាំងមូល ទាំងនយោបាយ រដ្ឋបាល សេដ្ឋកិច្ច សង្គមកិច្ច អរិយធម៌ វប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរពីអតីតកាល ដែលមិនត្រឹមតែអាចធ្វើឱ្យខ្មែរយើងបានដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែធនធានមរតកប្រវត្តិសាស្រ្តដ៏កម្រទាំងនេះ ក៏មានសារៈសំខាន់ក្រៃលែង ដែលជួយធ្វើឱ្យយើងអាចកំណត់ និងបង្ហាញភស្តុតាងអំពីអត្តសញ្ញាណរបស់ខ្មែរនិងប្រវត្តិសាស្រ្តរបស់ខ្មែរបានថែមទៀត ព្រោះការសរសេរប្រវត្តិសាស្រ្តត្រូវផ្អែកលើភស្តុតាង និង Authentic នៃឯកសារ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បណ្ណសារដ្ឋានជាតិ គឺជាកន្លែងតម្កល់ទុកនូវបណ្ណសារដែលជារតនសម្បត្តិ និងជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយក៏ជាឃ្លាំងនៃចំណេះដឹង ដែលមានប្រភពឯកសារសំខាន់ៗជាច្រើនសម្រាប់សិក្សា និងស្រាវជ្រាវកម្រិតជាតិ និងអន្តរជាតិ ព្រោះឯកសារទាំងនោះមានលក្ខណៈពិសេស និងជាឯកសារកម្រ ដែលមិនអាចរកបាននៅទីកន្លែងផ្សេងឡើយ។បណ្ណសារមានផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង និងជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តរបស់សង្គមជាតិ និងជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ ជាពិសេសបទពិសោធសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃមុខ។ តែទោះបីជាយ៉ាងនេះក្តី ក៏បច្ចុប្បន្នមានការយល់ដោយភាន់ច្រឡំថា បណ្ណសារដ្ឋានគ្រាន់តែជាកន្លែងប្រមូលផ្តុំឯកសារចាស់ៗមករក្សាទុកតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការពិត និងជាក់ស្តែង បណ្ណសារដ្ឋានជាតិ គឺជាស្ថាប័នរស់ និងជាអង្គចងចាំរបស់ប្រទេសជាតិ ហើយក៏ជាទីតាំងដែលតម្កល់ និងបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រព័ន្ធច្បាប់ និងរបៀបគ្រប់គ្រងប្រទេស ពោលគឺដំណើរវិវត្តន៍របស់ជាតិយើងពីសម័យកាលមួយទៅសម័យកាលមួយទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា បណ្ណសារដ្ឋានជាតិនៃកម្ពុជា (NAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៦ បើគិតត្រឹមឆ្នាំ២០២៥ នេះ មានអាយុ ៩៩ឆ្នាំហើយ ហើយបានផ្ទុកឯកសារតាំងពីសម័យបារាំងរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានបន្តថា ការងារបណ្ណសារ គឺជាកិច្ចការដ៏ធំផង និងជាកិច្ចការដែលមានចរិតយុទ្ធសាស្រ្តផង ហើយប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសក្នុងនោះប្រទេសអភិវឌ្ឍ បានយកចិត្តទុកដាក់ខ្លាំងណាស់លើការគ្រប់គ្រង ថែរក្សាឯកសារ និងបណ្ណសារនេះ។ ក៏ប៉ុន្តែការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍវិស័យបណ្ណសារនៅកម្ពុជាយើងនៅមានកម្រិត និងមានការខ្វះខាតច្រើន ទាំងធនធានថវិកា ធនធានមនុស្ស និងទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត ដូចជា៖ ទីតាំងដី អគារ ឃ្លាំង និងសម្ភារៈបរិក្ខារបច្ចេកទេសមួយចំនួនទៀត។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ និងដោយមើលឃើញពីសារៈសំខាន់នៃវិស័យបណ្ណសារនេះ ទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំនូវឯកសារទស្សនាទានស្តីពីក្របខ័ណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ចនិងតម្កល់ឯកសារជាតិ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន ១០ សំដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍវិស័យបណ្ណសារ ឱ្យសមស្របទៅតាមសភាពការណ៍ចំពោះមុខ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងការកសាងលិខិតបទដ្ឋានគតិយុត្តថ្មីៗ អនុលោមទៅតាមបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ ទន្ទឹមនេះ បច្ចុប្បន្នបណ្ណសារដ្ឋានជាតិនៃកម្ពុជាកំពុងសហការជាមួយ អង្គភាពបណ្ណសារនៃអ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម ដោយយកស្តង់ដា និងការអនុវត្តល្អពីអង្គភាពនេះ ទៅអនុវត្តនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍លើកឡើងផងដែរ អំពីភាពចាំបាច់ក្នុងការរៀបចំក្របខណ្ឌទស្សនាទានសម្រាប់ការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍បណ្ណសារ សម្រាប់រយៈពេល ១៥ ឆ្នាំ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីរួមមួយ និងផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍវិស័យបណ្ណសារនៅកម្ពុជា ទាំងបណ្ណសារសាធារណៈ និងបណ្ណសារឯកជន និងភ្ជាប់ការគិតគូរលើគ្រប់ទិដ្ឋភាព ទាំងការរៀបចំស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស ប្រព័ន្ធអភិបាលកិច្ច និងច្បាប់លិខិតបទដ្ឋានគតិយុត្ត។ ចំពោះមុខ យើងត្រូវផ្តោតលើការប្រមូល ទុកដាក់ និងថែរក្សាបណ្ណសារដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌ យកមករក្សាទុក ដើម្បីជាប្រយោជន៍ទៅដល់សង្គម ទៅដល់បុគ្គល ទៅដល់ពលរដ្ឋ។ ចំណែកការជួលជុលឯកសារ ដែលប្រឈមហានិភ័យខ្ពស់ ក៏ជាអាទិភាពផងដែរ។ ដោយឡែក ចំពោះការធ្វើឌីជីថលូបនីយកម្ម (Digitalization) ត្រូវធ្វើជាជំហ៊ានៗ ព្រោះកិច្ចការនេះពាក់ព័ន្ធទាំងសមត្ថភាពមន្រ្តី និងការប្រើប្រាស់ ហើយក៏អាចមានហានិភ័យច្រើនដែរ ពិសេសពាក់ព័ន្ធនឹងការបែកធ្លាយឯកសារ និងព័ត៌មានសម្ងាត់ជាតិ និងនិរន្តរភាពនៃបណ្ណសារ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីបង្កើនការស្វែងយល់កាន់ច្បាស់ក្នុងចំណោមមន្រ្តីសាធារណៈ និងសាធារណជនទូទៅ អំពីមុខងារ តួនាទី និងគុណតម្លៃមិនអាចខ្វះបានរបស់បណ្ណសារ ដើម្បីបង្កើនការយល់ដឹង និងការស្រឡាញ់អត្តសញ្ញាណជាតិ ពិសេសការរៀនសូត្រពីអតីតកាល ទាំងពីជោគជ័យ និងបរាជ័យ ដើម្បីជាក្របខណ្ឌមួយ សម្រាប់កសាងជាតិយើងឱ្យខ្លាំងពូកែ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តមានប្រសាសន៍ថា ដោយផ្អែកលើមុខងារ និងគុណតម្លៃរបស់បណ្ណសារ យើងត្រូវហ៊ានធ្វើការវិនិយោគលើកិច្ចការនេះ ដោយសារនេះជាគុណតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ទាំងចំពោះមុខ និងទាំងរយៈពេលវែង ព្រោះបណ្ណសារកត់ត្រាទាំងអស់នូវគ្រប់ទិដ្ឋភាព នៃសង្គម គ្រួសារ និងបុគ្គល មិនថាតែពីអតីតកាលទេ ប៉ុន្តែក៏កត់ត្រានូវអ្វីៗទាំងក្នុងពេលបច្ចុប្បន្ន សម្រាប់ឱ្យកូនចៅយើងជំនាន់ក្រោយ ១០០ ឆ្នាំទៀតបានដឹងផងដែរ។ លើសពីនេះ បណ្ណសារក៏ជាប្រភពនៃការបណ្តុះបណ្តាលធនធានមនុស្សដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
គួរបញ្ជាក់ដែរផងដែរ មានការជជែកពិភាក្សាយ៉ាងផុលផុសក្នុងអង្គសិក្ខាសាលា អំពីសាវតារ ស្ថានភាព តួនាទី និងសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃបណ្ណសារដ្ឋានជាតិ ក្នុងការការពារនិងកសាងជាតិ និងការពង្រឹងអត្តសញ្ញាណជាតិ ក៏ដូចជាអំពីទិសដៅការងារ និងការធ្វើទំនើបកម្មទៅថ្ងៃមុខ។
