ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នាចុងសប្តាហ៍នេះ

   ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នាថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ សិក្ខាសាលានេះ សហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាល​ខេត្តកំពង់ធំ។

សិក្ខាសាលានេះ មានគោលបំណងពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្មទៅជា «កសិ-ពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ ភាពធន់ និរន្តរភាព និងបង្កើតតម្លៃបន្ថែមខ្ពស់» ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍខេត្តកំពង់ធំ ប្រកបដោយភាពធន់ និងចីរភាព។
តាមកម្មវិធីដែលបានគ្រោងទុក, អង្គសិក្ខាសាលានឹងប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការធ្វើបទបង្ហាញអំពី​សក្តានុពលវិស័យកសិកម្មខេត្តកំពង់ធំ ការពិភាក្សាស៊ីជម្រៅ​ដោយ​វាគ្មិន​សំខាន់​ៗ​ និង​ការពិភាក្សាតាម​ក្រុម​ដោយ​អ្នក​ចូលរួម​ទាំងអស់​ លើខ្សែច្រវាក់តម្លៃសំខាន់ៗចំនួន ៦ រួមមាន៖ ១. ខ្សែច្រវាក់តម្លៃដំណាំស្រូវ ២. ខ្សែច្រវាក់តម្លៃដំណាំ​ស្វាយចន្ទី ៣. ខ្សែច្រវាក់តម្លៃដំណាំដំឡូងមី ៤. ខ្សែច្រវាក់តម្លៃដំណាំកៅស៊ូ និងដំណាំសក្តានុពលផ្សេងៗ ៥. ខ្សែច្រវាក់តម្លៃវារីវប្បកម្ម និង ៦. ខ្សែច្រវាក់តម្លៃការចិញ្ចឹមសត្វ។

សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមហ៊ុនចម្ការកៅស៊ូ, ក្រុមហ៊ុនដឹកជញ្ជូននិងជីកសិកម្ម, ក្រុមហ៊ុននាំចេញអង្ករ, សមាគមអ្នកដាំស្វាយចន្ទីខេត្តកំពង់ធំ, សមាគមដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង ស្ថាប័ន, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាល​ខេត្តកំពង់ធំ, មន្ទីរជំនាញជុំវិញខេត្ត, អាជ្ញាធរស្រុក, មន្ត្រីថ្នាក់ឃុំ, សហគមន៍កសិកម្ម, សហគមន៍នេសាទ, វិស័យឯកជន, ស្ថាប័នហិរញ្ញវត្ថុ, ​ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ និងបណ្តុះបណ្តាល ព្រមទាំងដៃគូអភិវឌ្ឍនានា។