ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

 (កំពង់ធំ)៖ នាព្រឹកថ្ងៃទី ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកអ្នកឧកញ៉ា លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុងស្រុក និងឃុំ-សង្កាត់​ ព្រមទាំងគណៈកម្មាធិការគណបក្ស និងសាខាគណបក្សជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន ទាំងក្រុមការងារខ្សែបណ្តោយ និងក្រុមការងារខ្សែទទឹងតាមវិស័យទាំង៨ ក៏ដូចជាគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាធ្វើឱ្យខេត្តកំពង់ធំកំពុងមានចលនការ​វិជ្ជមានទៅមុខ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ខេត្ត និងប្រជាជនខេត្តកំពង់ធំ ទាំងការអភិវឌ្ឍមូលដ្ឋាន ទាំងសតិអារម្មណ៍របស់ប្រជាជន ដែលជាចំណែកមួយយ៉ាងសំខាន់នៃបុព្វហេតុ ឧត្តមគតិ និងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដោយម្ខាងបម្រើប្រជាជន និងម្ខាងទៀតខិតខំពង្រឹងនិងពង្រីកការជឿជាក់ និងការគាំទ្រ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត«ប្រែក្លាយខេត្តកំពង់ធំ​ឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិ​វឌ្ឍ​ន៍ វិ​និ​យោគ ពាណិជ្ជកម្ម និងទេសចរណ៍»

ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ នូវផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមិនត្រូវមើលស្រាលសភាពការណ៍នោះទេ ព្រោះយើង​កំពុងស្ថិតក្នុងបរិការណ៍ដែលខុសពីបរិការណ៍នៃការបោះឆ្នោតលើកមុនៗ។ ឯកឧត្តមបានបន្តថា ការផ្លាស់ប្តូរជារចនាសម្ព័ន្ធរបស់អ្នកបោះឆ្នោត​ និងបញ្ហាធំៗដែលយើងជួបប្រទះជាបន្តបន្ទាប់ និងមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាទំនាស់ព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាជន នឹងអាចជះឥទ្ធិពលដល់ការបោះឆ្នោត។ ដូចនេះ ទាមទារឱ្យយើងត្រូវធ្វើសកម្មភាពជាក់ស្តែង និងត្រូវខិតខំពន្យល់ប្រជាជនយើងឱ្យបានយល់ច្បាស់លាស់ ដើម្បីម្ខាងធានារក្សានូវសាមគ្គីភាពនិងឯកភាពជាតិជាធ្លុងមួយផង និងម្ខាងទៀតពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជន។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា កាបោះឆ្នោតឆ្នាំ២០២៧ខាងមុខនេះ គឺជាវិញ្ញាសាសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៨ ហើយក៏នឹងកំណត់ការឈជើងរបស់គណបក្សយើងរយៈពេលយូរអង្វែងផងដែរ។ ដូច្នេះ យើងគឺត្រូវបន្តគ្រប់គ្រងឱ្យបានទាំបរិការណ៍រួម និងបរិការណ៍ក្នុងខេត្តកំពង់ធំយើង។ រណនេះទាមទារឱ្យយើត្រូវចេះធ្វើការវាយតម្លៃសភាពការណ៍ តាមឃុំសង្កាត់នីមួយៗ ដោយពិនិត្យមើលទៅលើទិដ្ឋភាពរួម ចំណុចខ្លាំង ចំណុចខ្សោយ និងហានិភ័យធំៗ ដើម្បីកំណត់ឫសគល់នៃបញ្ហាជាក់ស្ដែង ហើយដាក់ចេញនូវវិធានការចាំបាច់និងមុតស្រួច ដើម្បីដោះស្រាយឱ្យចំបេះដូង និងអារម្មណ៍របស់ប្រជាជន ព្រមទាំងជះឥទ្ធិពលដល់ការបោះឆ្នោត។

ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំដល់ក្រុមការងារចុះមូលដ្ឋាន និងគណបក្សមូលដ្ឋានគ្រប់ថ្នាក់ ក៏ដូចជា​អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តអនុវត្តការដ្ឋានទាំង៣ របស់ក្រុមការងារខេត្តកំពង់ធំ ដោយបន្តផ្ដោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាជន ការគាំទ្រដល់ការពង្រឹងមូលដ្ឋាន​សេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាពផលិតកម្ម ការទាក់ទាញវិនិយោគ និងរៀបចំប្រព័ន្ធ Ecosystem ឱ្យបានល្អ​ តាមរយៈការបន្តការប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យបានកាន់តែច្រើននិងមានប្រសិទ្ធភាព និងការកសាង​មូលធនមនុស្សក៏ដូចជាការលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស សមត្ថភាពផលិត ការកសាងបណ្ដាញទីផ្សារ និងការបណ្ដុះសមត្ថភាព។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាគ្រប់ប្រភេទ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដូចជា សេវាសន្តិសុខនិងសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ, សេវាសង្គម​ អប់រំ និងសុខាភិបាល, សេវាយុត្តិធម៌, ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ, សេវាសុរិយោដី, សេវាធុរកិច្ច ដោយត្រូវជួយសម្របសម្រួល និងគាំទ្រដល់អ្នកធ្វើអាជីវកម្ម និងសហគ្រិន។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ គ្រួសារជួបទុក្ខលំបាក គ្រួសារយុទ្ធជនពលី និងយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីធានាថាមិនឱ្យមានអ្នកណាម្នាក់ដាច់បាយហូប ឬអត់អង្ករច្រកឆ្នាំងនោះឡើយ។ នៅក្នុងការដ្ឋានទី២ នៃការកសាងនិងការពង្រឹងគណបក្ស ត្រូវបន្តការងារដែលបានធ្វើមកជាប្រចាំ ក្នុងការបង្កើនគុណភាពនិងសតិអារម្មណ៍របស់សមាជិកគណបក្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង
ហេដ្ឋារចនាសម្ព័ន្ធការងារ ជាពិសេសសម្រួចការងារពីការរៀបចំផែនការ និងផែនការសកម្មភាពនៃរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ លើសពីនេះ ត្រូវត្រៀមឆ្លើយតបលើរាល់
ឧបាយកលគ្រប់បែបយ៉ាងពីគ្រប់មជ្ឈដ្ឋានអគតិទាំងអស់ ដោយមិនត្រូវភ្លេចខ្លួន ឬធ្វេសប្រហែសឡើយ។

មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់ក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ និងមន្រ្តីគណបក្សគ្រប់រូប ត្រូវផ្តុំកម្លាំងគ្នាជាធ្លុងមួយ ក្នុងគោលដៅតែមួយនិងលើមាគ៌ាតែមួយ ហើយធ្វើឱ្យស្រុះដៃគ្នា និងប្តេជ្ញា​ចិត្ត​រួម​គ្នា ​ដើម្បី​នាំ​មក​នូវ​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ជូនគណបក្ស ជាពិសេសដណ្តើមយកភាពខ្លាំងជូនគណបក្សឱ្យបានជាងពេលណាៗទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខ។