(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិកនៅ Koh Pich City Hall ដែលបានរៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។
ក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងប្រសិទ្ធពរជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ក្នុងឱកាសខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពធន់ និងភាពរុងរឿងដ៏យូរអង្វែងរបស់ប្រជាជនសហរដ្ឋអាម៉េរិក ស្ថាប័ន និងឧត្តមគតិ ដែលជាមូលដ្ឋាននៃការបង្កើតនិងការកសាងសហរដ្ឋអាម៉េរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងតែផ្តល់នូវសារៈសំខាន់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក។ប្រទេសទាំងពីរ មានទំនាក់ទំនងការទូតជាង ៧៥ ឆ្នាំមកហើយ និងបានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រជាច្រើន ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ កាន់តែធន់ និងកាន់តែមានសក្តានុពល។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដោយឈរលើគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នា និងការជឿទុកចិត្តគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក។ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កិច្ចព្រមព្រៀងបើកចំហជើងមេឃ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ពិតជាបានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងបានបើកមាគ៌ាថ្មីមួយដល់ប្រទេសទាំងពីរ ក្នុងការកសាងភាពជាដៃគូ ប្រកបដោយជវភាព និងការផ្តល់ផលប្រយោជន៍រួម។ ដោយឡែក ក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ, ការចូលចតនៃនាវា USS Cincinnati នៅមូលដ្ឋានកងទ័ពជើងទឹករាមនាពេលថ្មីៗនេះ គួបផ្សំនឹងការបន្តឡើងវិញនូវកម្មវិធីសំខាន់ៗ រួមទាំងលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ (Angkor Sentinel) និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះ នៃការកសាងភាពជឿជាក់និងទំនុកចិត្តជាថ្មី។ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កំពុងឈានដល់កម្រិតដ៏រឹងមាំបំផុតមិនធ្លាប់មាន ដោយក្នុងនោះ ទេសចរអាម៉េរិក នៅតែស្ថិតក្នុងចំណោមទេសចរលំដាប់ខ្ពស់មកទស្សនាកម្ពុជា ខណៈប្រជាជនកម្ពុជារាប់សែននាក់ បានចាត់ទុកសហរដ្ឋអាម៉េរិកជាផ្ទះរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងជំនួយបច្ចេកទេសនាពេលកន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអាទិភាពរបស់កម្ពុជា ដែលរួមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិស័យសំខាន់មួយចំនួនទៀតដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម ការដោះមីន និងបរិស្ថាន ជាដើម។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណជាពិសេសជូនចំពោះសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលការប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា និងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រឹងកិច្ចការពារអធិបតេយ្យភាពវប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងសេចក្តីថ្លែងការណ៍រួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជូនពរឱ្យសហរដ្ឋអាម៉េរិកបន្តប្រកបដោយសុខសន្តិភាព វិបុលភាព និងភាពជោគជ័យ ហើយកម្ពុជានឹងទន្ទឹងរង់ចាំការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។
