(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានទទួលជួបពិភាក្សាការងារជាមួយលោក Chen Yang ប្រធានសភាប្រឹក្សានយោបាយនៃទីក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
នៅក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងកិច្ចស្វាគមន៍ និងអបអរសាទរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុងយ៉ាងចូវ និងរដ្ឋបាលខេត្តកំពង់ធំ ដែលនេះគឺជាជំហានថ្មីមួយទៀត ក្នុងការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីនាំមកនូវផ្លែផ្កានិងផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃខេត្តកំពង់ធំ និងក្រុងយ៉ាងចូវ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលប្រកបដោយប្រសិទ្ធភាព រហូតឈានដល់ការចុះហត្ថលេខាលើ MoU នេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ឡើងវិញអំពីប្រវត្តិដ៏យូរលង់នៃទំនាក់ទំនងជាមិត្តភាពកម្ពុជា-ចិន និងត្រូវបានពូនជ្រំ, ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ, ជាមិត្តដែកថែប ហើយត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានគោលដៅដូចគ្នា គឺធ្វើយ៉ាងណាឱ្យផ្លែផ្កានៃការអភិវឌ្ឍធ្លាក់ទៅដល់ដៃប្រជាជន ជាពិសេសប្រជាជននៅតាមទីជនបទ ហើយទស្សនកិច្ចរបស់គណៈប្រតិភូក្រុងយ៉ាងចូវនាពេលនេះ គឺពិតជាមានអត្ថន័យស្របតាមទិសដៅការងាររបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឱ្យខេត្តកំពង់ធំមានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ ហើយនេះក៏ជាបេសកកម្មការងាររបស់ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការជាប្រធានផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រុងយ៉ាងចូវ ជាមួយខេត្តកំពង់ធំ ពិតជារួមចំណែក ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កុំឱ្យខេត្តកំពង់ធំជាខេត្តដែលទៅហួសមកហួសតទៅទៀត និងកសាងខេត្តកំពង់ធំឱ្យក្លាយទៅជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម និងភស្តុភារកម្ម ដែលនឹងរួមចំណែកជាចន្ទល់នៃសេដ្ឋកិច្ចជាតិ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍ស្នើឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយក្រុងយ៉ាងចូវ ដែលជាតំបន់មានការរីកចម្រើន និងមានខឿនឧស្សាហកម្ម និងកសិកម្មទំនើប ដោយផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ទី១. ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពផលិត ពិសេសការសិក្សាស្រាវជ្រាវពូជដំណាំ ចំណីសត្វ និងការកែច្នៃផលិតផលកសិកម្ម ទី២. ការស្វែងរកទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយប្រទេសចិន គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកម្ពុជា ហើយកម្ពុជាក៏អាចក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) របស់ចិន សម្រាប់នាំចេញទៅទីផ្សារចិន និងទីផ្សារពិភពលោកផងដែរ និង ទី៣. ការទាក់ទាញវិនិយោគ និងទេសចរណ៍ តាមរយៈការជំរុញឱ្យវិនិយោគិនពីចិនមកសិក្សាលទ្ធភាពវិនិយោគនៅខេត្តកំពង់ធំ និងជំរុញលើកកម្ពស់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ទាំងវប្បធម៌, ពាណិជ្ជកម្ម, ទេសចរណ៍ ដោយរួមទាំងម្ហូបអាហារ។
ជាការឆ្លើយតប លោក Chen Yang បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូក្រុងយ៉ាងចូវ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោក Chen Yang ក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ជ្រាបផងដែរ អំពីស្ថានភាពទូទៅ និងសក្ដានុពលរបស់ក្រុងយ៉ាងចូវ ក៏ដូចជាសក្តានុពលរបស់ខេត្តកំពង់ធំ ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ លោកបានបញ្ជាក់អំពីបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តកំពង់ធំ និងជំរុញនូវចំណុចដែលបានពិភាក្សា ដោយផ្ដោតលើ ទី១. ការផ្លាស់ប្តូរដំណើរទស្សនកិច្ចឱ្យកាន់តែញឹកញាប់ លើគ្រប់ជំនាញ និងគ្រប់វិស័យ ពិសេសក្នុងគោលដៅលើកកម្ពស់វិស័យកសិកម្ម ទី២. ជំរុញវិនិយោគិនពីក្រុងយ៉ាងចូវឱ្យមកសិក្សាលទ្ធភាពវិនិយោគនៅខេត្តកំពង់ធំ និង ទី៣. ផ្សព្វផ្សាយ និងទាក់ទាញឱ្យប្រជាជនក្រុងយ៉ាងចូវ មកទស្សនាកំសាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំតែម្តង។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងលោក Chen Yang បានបង្ហាញនូវសុទិដ្ឋិនិយមសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្ត/ក្រុងទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍រួមគ្នាប្រកបដោយផ្លែផ្កា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយប្រធានសភាប្រឹក្សានយោបាយ នៃទីក្រុងយ៉ាងចូវ
ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦, ១០:១១ PM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦, ០៦:៣២ AM
ព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសឱ្យប្រើ ច្បាប់ស្តីពីកាតព្វកិច្ចយោធា
ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦, ០៥:៤៣ PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួម «វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦» នៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦, ០១:២៣ PM
