ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍ ៧ចំណុច ដើម្បីជំរុញការផលិត និងប្រើប្រាស់ផលិតផលជាតិ នៅក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរលើកទី៣ ឆ្នាំ២០២៦

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយ សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)។ ការតាំងពិព័រណ៍នេះដែលមានការចូលរួមពីសហគ្រាសប្រមាណ ៣០០សហគ្រាស ពីទូទាំង ២៥រាជធានី-ខេត្ត គឺជាយន្តការជំរុញឱ្យប្រជាជនចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ដូចជាលើកទឹកចិត្ត ឱ្យសហគ្រាសក្នុងស្រុកខិតខំ ពង្រឹង ពង្រីក និងផលិតឱ្យបានកាន់តែល្អ ទាំងក្នុងទិដ្ឋភាពគុណភាព បរិមាណ និងតម្លៃ ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូល និងឈានទៅដល់ការនាំចេញទៅទីផ្សារ ក្រៅប្រទេស។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ពិតជាមានសារៈសំខាន់ក្នុងបរិការណ៍ ដែលកម្ពុជាមានតម្រូវការក្នុងការពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំង បន្តអភិវឌ្ឍដោយខ្លួនឯង និងឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ក្នុងពេលដែលសកលលោកកំពុងប្រឈមនឹងសម្ពាធ និងហានិភ័យកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយការតាំងពិព័រណ៍នេះគឺជាឱកាសពង្រឹងការតភ្ជាប់ ការផ្គុំគ្នា និងការយល់ដឹងទៅវិញទៅមករវាងអ្នកផលិត អាជីវករ វិនិយោគិន អ្នកផ្ដល់ហិរញ្ញប្បទាន អ្នកប្រើប្រាស់ និងស្ថាប័នរដ្ឋ ដើម្បីពង្រឹងប្រព័ន្ធអេកូស៊ីស្ទេមសេដ្ឋកិច្ចឱ្យកាន់តែប្រទាក់ក្រឡា រឹងមាំ និង គាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម និងជាពិសេសដើម្បីធានាសន្តិសុខសេដ្ឋកិច្ចកម្ពុជា។ 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងផងដែរថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅតែជួបប្រទះនឹងបញ្ហាប្រឈម ជាច្រើន ដែលមានលក្ខណៈជារចនាសម្ព័ន្ធ និងបន្តបន្ទុចបង្អាក់ដល់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ទន្ទឹមនេះ ការផ្សារភ្ជាប់រវាងក្រុមហ៊ុនមានប្រភពទុនវិនិយោគផ្ទាល់បរទេស និងអ្នកផ្គត់ផ្គង់ក្នុងស្រុក នៅមិនទាន់មានលក្ខណៈស៊ីជម្រៅនៅឡើយ និងនៅពឹងផ្អែកលើការនាំចូលខ្ពស់។ជាមួយគ្នានេះ ភាពមានកម្រិតនៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងផលិតកម្ម គឺជាបញ្ហាប្រឈមសំខាន់មួយសម្រាប់អ្នកនាំចេញ និងសេដ្ឋកិច្ចជាតិតែម្តង។ ប៉ុន្តែការណ៍នេះក៏អាចត្រូវបានចាត់ទុកជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក និងប្រជាជនដើម្បីបំពេញនូវចន្លោះនិងគម្លាតទាំងនោះ ដែលនឹងចូលរួមបង្កើនតម្លៃបន្ថែម តម្លៃសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ច និងជាពិសេសប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា អ្នកផលិតតែឯងមិនអាចដោះស្រាយបញ្ហាប្រឈមនេះបានទេ បើសិនជាមិនមានការចូលរួមពីអ្នកប្រើប្រាស់ អ្នកផ្តល់សេវាគាំទ្រផលិតកម្ម អ្នកផ្តល់ហិរញ្ញប្បទាន និងស្ថាប័ន រដ្ឋ ដែលត្រូវរួមគ្នាបង្កើតជាអេកូស៊ីស្ទេមគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច មធ្យម និងធំ ឱ្យរស់រវើកនិងរឹងមាំ។ ក្នុងនោះ ស្ថាប័នរដ្ឋត្រូវដើរតួជាយុទ្ធសាស្ត្រវិទូ និងអ្នកកសាងបរិយាកាសអនុគ្រោះ

វិស័យឯកជនជាអ្នកកសាងតម្លៃ និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងត្រូវមានការគាំទ្រពីបច្ចេកវិទ្យាទំនើប មនុស្សពូកែនិងមានជំនាញនិងឥរិយាបថការងារល្អ និងប្រព័ន្ធការងារដែលមានប្រសិទ្ធភាព។ ដូចនេះ យើងត្រូវរួមគ្នាធ្វើកិច្ចការដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ការផលិត និងដើម្បីបង្កើនធាតុចូលក្នុងស្រុកទៅក្នុងផលិតផលនានាឱ្យបានច្រើន ហើយជាពិសេសការផ្សារភ្ជាប់ទៅកាន់ក្រុមហ៊ុនបរទេស ដែលមានទីផ្សារ និងអេកូឡូស៊ីល្អស្រាប់ ដែលនឹងបង្កើនតម្លៃបន្ថែម តម្លៃសេដ្ឋកិច្ច ការងារ ប្រាក់ចំណូល ទៅកាន់សេដ្ឋកិច្ច និងជាពិសេសសម្រាប់ប្រជាជន

កម្ពុជា។ នេះគឺ ជាកត្តាធ្វើឱ្យកម្ពុជាអាចរឹងខ្លួនឯងបាន បន្តអភិវឌ្ឍដោយខ្លួនឯងបាន និងអាចឈរជើងយូរបានលើឆាកអន្តរជាតិ ដែលជាតម្រូវការ និងជាភាពចាំបាច់របស់ប្រជាជននេះ និងរបស់ជាតិនេះ។ ជាមួយគ្នានេះ ក្នុងរយៈពេលវែង ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជាត្រូវប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីពឹងផ្អែកលើកម្លាំងពលកម្មនិងការប្រើប្រាស់ទុន ទៅពឹងផ្អែកលើការកើនឡើងនៃផលិតភាពការងារ និងផលិតភាពសេដ្ឋកិច្ច ដោយសារលំហនៃកម្លាំងពលកម្មនិងការប្រើប្រាស់ទុនកាន់តែតូចទៅៗ ហើយសេដ្ឋកិច្ចយើងក៏ពុំទាន់ទាញយកប្រយោជន៍ពេញលេញពីការកើនឡើងនៃផលិតភាពផងដែរ។

ក្នុង ឱកាសនោះដែរ  ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន៧ចំណុច ដូចខាងក្រោម៖

ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល ថ្លៃដើមទាប ប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទាន់ពេល ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងពង្រឹងការសម្របសម្រួលអន្តរក្រសួង។

ទី២- ត្រូវផ្តល់ការគាំទ្រនិងផ្ដល់អាទិភាពដល់សហគ្រាសដែលផលិត ឬកែច្នៃទំនិញយុទ្ធសាស្ត្រ និងទំនិញចាំបាច់ក្នុងស្រុកដើម្បីបង្កើនមាតិកាក្នុងស្រុក កាត់បន្ថយការនាំចូល និងពង្រឹងសន្តិសុខផ្គត់ផ្គង់។

ទី៣- សហគ្រាសធុនតូចនិងមធ្យមត្រូវកែលម្អគុណភាព ស្តង់ដា អនាម័យ សុវត្ថិភាព ការវេចខ្ចប់ និងការចាប់យកបច្ចេកវិទ្យា ដើម្បីឱ្យផលិតផលខ្មែរទទួលបានទំនុកចិត្ត និងប្រកួតប្រជែងបានកាន់តែខ្លាំង។

ទី៤- ពង្រឹងខ្សែច្រវាក់តម្លៃឱ្យកាន់តែស៊ីជម្រៅ ចាប់ពីវត្ថុធាតុដើម កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន រហូតដល់ការលក់ ជាពិសេសតភ្ជាប់សហគ្រាសក្នុងស្រុកជាមួយវិនិយោគធំៗ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក។

ទី៥- វិនិយោគលើមនុស្សនិងផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញ កែលម្អគុណភាពកម្លាំងពលកម្ម និងការលើកទឹកចិត្តឱ្យចាប់យកបច្ចេកវិទ្យា និងការគ្រប់គ្រងបែបទំនើប។

ទី៦- ស្ថាប័នហិរញ្ញវត្ថុនិងដៃគូអភិវឌ្ឍត្រូវបន្តគាំទ្រសហគ្រាសមានសក្តានុពល ដោយផ្តោតលើការ ផ្ដល់ហិរញ្ញប្បទាន និងការគាំទ្របច្ចេកទេសដែលមានគោលដៅច្បាស់លាស់ និងវាស់វែងលទ្ធផលបាន។

ទី៧- ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តគាំទ្រផលិតផលជាតិ ដោយផ្អែកលើការយល់ដឹង និងការទទួល ខុសត្រូវរួម ព្រោះទីផ្សារក្នុងស្រុកដែលរឹងមាំគឺជាមូលដ្ឋានសម្រាប់សហគ្រាសរឹងមាំ ហើយសហគ្រាសរឹងមាំគឺជា មូលដ្ឋានសម្រាប់សេដ្ឋកិច្ចជាតិរឹងមាំ។

ក្នុងកម្មវិធីនេះដែរ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ប្រចាំការ បានផ្តល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ និងលិខិតថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំនៃ FASMEC និងបណ្ដាសហគ្រិនផងដែរ៕