ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត នាំយកអំណោយជូនវីរកងទ័ព ក្នុងឱកាសចុះសួរសុខទុក្ខប្រជាជនភៀសសឹក នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ឆ្លៀតក្នុងឱកាសនៃការចុះសួរសុខទុក្ខ និងនាំយកអំណោយ​ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសប្បុរសជននានា ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៣៧០០គ្រួសារ, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនវីរយុទ្ធជន​ដ៏អង់អាចក្លាហានចំនួន ១១ អង្គភាព ទិសខេត្តឧត្តរមានជ័យ ក្នុងស្មារតីសមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវសេចក្តីនឹករលឹក និងបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់​កងទ័ព និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខរបស់កងទ័ព និងក្រុមគ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងនូវ ៤ ចំណុច ដើម្បីផ្តាំផ្ញើជូនដល់វីរកងទ័ពប្រចាំទិសខេត្តឧត្តរមានជ័យ តាមរយៈតំណាងទាំង ១១ អង្គភាព ដែលបានអញ្ជើញមកទទួលអំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដូចខាងក្រោម៖

ទី១.គោរពបងប្អូនយុទ្ធជនវីរកងទ័ពទាំងអស់ ចំពោះវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជាយើង ជាពិសេសការតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិដ៏ក្តៅគគុកនាពេលថ្មីៗកន្លងមកនេះ នៅតាមតំបន់ព្រំដែន ដូចជាតាមាន់ តាក្របី ជប់គគីរ និងថ្មដូន

ទី២.សម្តែងសេចក្តីស្រលាញ់ចំពោះវីរកងទ័ពទាំងអស់ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្នុងនាមជាប្រជាជនកម្ពុជាទាំងមូល

ទី៣.ផ្តល់ការគាំទ្រ​ ក្នុងកាលៈទេសៈជួបការលំបាកនេះ ដែលរាជរដ្ឋាភិបាល យុទ្ធជន និងប្រជាជន គឺជាធ្លុងតែមួយ ក្នុងស្មារតីផ្សារភ្ជាប់​រវាងសមរភូមិក្រោយនិងសមរភូមិមុខ ជាកម្លាំងតែមួយ ជាកម្លាំង ដែលមិនអាចអ្នកណាម្នាក់យកឈ្នះកម្ពុជាបាន និង

ទី៤.លើកទឹកចិត្ត និងផ្ដល់នូវភាពកក់ក្ដៅចេញពី​បេះដូងពិតប្រាកដ និងបន្ថែមនូវកម្លាំងចិត្ត ដើម្បីបន្តធានាដល់កិច្ចការពារជាតិ និងការពារទឹកដីរបស់យើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលនេះ កម្លាំងគាំទ្រពីសមរភូមិក្រោយ គឺបានរួមគ្នាយ៉ាងសស្រាក់សស្រាំ មិនថារាជរដ្ឋាភិបាល មិនថាប្រជាជន មិនថាវិស័យឯកជនក្រុមហ៊ុន មិនថាសិល្បករ អាជីវករ កសិករ ឬមិនថាជាអ្នកណាទេ គឺម្នាក់ៗបានខិតខំគ្រប់មធ្យោបាយទាំងអស់រៀងៗខ្លួន ដើម្បីគាំទ្រដល់សមរភូមិមុខ ទាំងស្មារតី និងទាំងសម្ភារៈថវិកា យ៉ាងផុសផុល ជាពិសេសសម្រាប់ជូនដល់បងប្អូនវីរកងទ័ពទាំងអស់ និងក្រុមគ្រួសារ។​