June 25, 2024

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំប្រជុំរៀបចំព្រះរាជពិធីហែ និងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នារសៀលថ្ងៃអង្គារ ៦រោច​ ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យជាលើកចុងក្រោយនូវវឌ្ឍនភាពការងារ និងបូកសរុបសកម្មភាពការងារឡើងវិញរបស់គ្រប់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងធានាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រមទាំងពិធីសាសនានានា ឱ្យប្រព្រឹត្តទៅ​ដោយរលូន រហូតដល់ចប់ព្រះរាជកម្មវិធីបុណ្យព្រះបរមសព។ កិច្ចប្រជុំនេះ មានការយាង និមន្ត និងការចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះឧត្តម​ចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, សម្តេចព្រះមង្គលមុនីរង្សី ហូរ ឈីវនាថ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ, ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្ដេចព្រះសង្ឃរាជ បួរ គ្រី, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង និងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចព្រះប្រធាន និងប្រធានអនុគណៈកម្មការនីមួយៗ បានរាយការណ៍អំពីលទ្ធផលការងារ, ការត្រៀមរៀបចំកិច្ចការដែលទទួលបន្ទុក និងបញ្ហាប្រឈម ព្រមទាំងសំណើនានា ដែលជារួម អនុគណៈកម្មការនីមួយៗ បានត្រៀមរៀបចំស្ទើររួចរាល់ទាំងស្រុងនូវសកម្មភាពការងារតាមមុខសញ្ញារៀងៗខ្លួន និងបន្តរៀបចំការងារដែលនៅសេស​សល់។ អង្គប្រជុំ​​​​បានធ្វើការពិភាក្សា និងបានដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់យកទៅអនុវត្តបន្តតាមផ្នែកនីមួយៗ ដើម្បីធានាឱ្យព្រះរាជកម្មវិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិនាមនិងព្រះកិ​ត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ ព្រមទាំងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ។ អង្គប្រជុំក៏បានធ្វើពិភាក្សា និងដាក់ចេញនូវវិធានការត្រៀមបម្រុងបង្ការទុកជាមុនមួយចំនួន ពាក់ព័ន្ធនឹងទិដ្ឋភាពខាងផ្នែកបច្ចេកទេសនានា ក្នុងករណីមានសភាពការណ៍បន្ទាន់ណាមួយកើតមានឡើងជាយថាហេតុផងដែរ។

គួរបញ្ជាក់ដែរថា  រាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាសថ្ងៃកាន់​ទុក្ខជាផ្លូវការ លើកទី២ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៣ ខែ​​មិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ក្នុងការដឹកនាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ។