May 05, 2024

ដំណើរទស្សនកិច្ចសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.)

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំ សមាជិក និងមន្រ្តីក្រុមប្រឹក្សាអ្នកច្បាប់ចំនួន៤៨រូប ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអ្នកច្បាប់ មកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីសិក្សាស្វែងយល់ពីដំណើរការជំនុំជម្រះក្ដី សមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. ក៏ដូចជាសិក្សាស្វែងយល់ពីការងាររបស់ អ.វ.ត.ក. នៅក្នុងដំណាក់កាលមុខងារសេសសល់។

គណៈគ្រប់គ្រងនៃ អ.វ.ត.ក. បានអញ្ជើញគណៈប្រតិភូក្រុមប្រឹក្សាអ្នកច្បាប់ ទៅទស្សនានិងពិនិត្យមើល បណ្ណាល័យ និហិតដ្ឋានបណ្ណសារ មជ្ឈមណ្ឌលធនធានអ.វ.ត.ក.ចល័ត និងសាលពហុបំណងដែលអាចប្រើប្រាស់ជាសាលសវនាការតុលាការ សិក្ខាសាលា សន្និសិទ ព្រមទាំងបទបង្ហាញនានា។