June 25, 2024

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី​ វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវាលព្រះមេរុ មុខវត្តបទុមវតីរាជវរារាម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន និងឯកឧត្ដម នេត​ ភក្ត្រា ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការ, អនុគណៈកម្មការនានា និងក្រុមការងារជំនាញគ្រប់ផ្នែក។

ការប្រារព្វពិធីក្រុងពាលីនេះ គឺដើម្បីសូមព្រះអនុញ្ញាត អនុញ្ញាតរៀបចំព្រះរាជពិធីបុណ្យ ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព (ឧបេក្ខោសម្ពោជ្ឈង្គិកោ) នៅថ្ងៃចន្ទ ១២រោច​ ខែពិសាខ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីវាលព្រះមេរុ មុខវត្តបទុមវត្តីរាជវរាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។​ ព្រះរាជពិធីបុណ្យនេះ ចូលថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក​ ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា​ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា អុចទៀនធូប តាមទំនៀមទម្លាប់ប្រពៃណីជាតិ។ បន្ទាប់មក អ្នកឧកញ៉ាភក្ដីព្រះស្ដេច ហេង គឹមគុណ បានប្រកាសបួងសួង ដើម្បីឱ្យព្រះរាជកម្មវិធីទាំងមូល បានប្រព្រឹត្តដំណើរការទៅដោយរលូន តាមកម្មវិធីដែលបានគ្រោងទុក ជៀសវៀងនូវឧបសគ្គមករារាំង ឬគ្រោះថ្នាក់កើតឡើងឡើយ។

ក្រោយពីពិធីបួងសួងរួចហើយ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានប្រគេនទេយ្យទានថ្វាយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ លំដាប់តមកទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញបង្ហូតទង់អភិធម្មទាំង ៤ ទិស​ ជុំវិញព្រះមេរុ និងប្រារព្វកិច្ចប្រសិទ្ធីគួចចំណងដៃជូនក្រុមការងារ ចំណងព្រះទីនាំង និងប្រោះព្រំជូនក្រុមការងារជាងផងដែរ។