April 29, 2024

ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ទាំង៩ និងក្រុមការងារតាមវិស័យ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០២៤ មានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ទាំង ៩ ព្រមទាំងក្រុមការងារតាមវិស័យ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង​​ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ​គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក នៃការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុកទាំង ៩ និងក្រុមការងារតាមវិស័យ ប្រមាណជាង ៦០០ រូប។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនចំពោះមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់បំផុតជូនដល់ក្រុមការងារ, គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់​ ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ដោយមើលឃើញពីសក្តានុពល និងបញ្ហាប្រឈមរបស់ ខេត្តកំពង់ធំ ពិសេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែធូរធារ, ចំពោះមុខ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានបង្កើតនិងចាត់តាំងសមាសភាពក្រុមការងារតាមវិស័យ​ចំនួន ៣ គឺ៖ (ទី១).ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (ទី២).ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និង (ទី៣).ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន។ ឯកឧត្តមបានផ្តល់ការណែនាំដល់ក្រុមការងារតាមវិស័យ ឱ្យសហការជាមួយគណបក្សមូលដ្ឋានធ្វើការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍តាមវិស័យចំនួន ៤ គឺ៖ វិស័យកសិកម្ម, វិស័យកសិ-ឧស្សាហកម្ម ដោយផ្តោតលើការកែច្នៃ ពិសេសដំណាំស្វាយច័ន្ទទី និងកៅស៊ូ, វិស័យទេសចរណ៍ និងការអភិវឌ្ឍទីក្រុង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំ និងការដាក់ឱ្យអនុវត្តដោយជោគជ័យនូវផែនការមេអភិវឌ្ឍន៍តាមវិស័យទាំង ៤ ខាងលើនេះ ពិតជានឹងជួយកែប្រែមុខមាត់ខេត្តកំពង់ធំរបស់យើង ឱ្យមានការផ្លាស់ប្តូរជាដុំកំភួនជាក់ជាមិនខាន ហើយការអភិវឌ្ឍនេះ ក៏អាចជះឥទ្ធិពលដល់បណ្តាខេត្តជាប់គ្នាផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស​​ និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកំពង់ធំ ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ សំដៅដណ្តើមការគាំទ្រពីប្រជាជន និងធ្វើឱ្យកំពង់ធំដែលជាខេត្តដ៏ធំមួយ ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស។ ឯកឧត្តមបានបន្តថា ក្រុមការងារត្រូវជួយតម្រង់ទិស កំណត់ទិសដៅ និងយុទ្ធសាស្រ្ត និងគាំទ្រទាំង ផ្នែកសម្ភារៈ, ហិរញ្ញវត្ថុ និងស្មារតី ដល់គណបក្សនៅមូលដ្ឋាន ដើម្បីលើកកម្ពស់ភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្ស ព្រមទាំងដើម្បីពង្រឹងអង្គការចាត់តាំងគណបក្សមូលដ្ឋាន ទាំងវិស័យនយោបាយ, សតិអារម្មណ៍, ចាត់តាំង និងហិរញ្ញវត្ថុ។ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានជោគជ័យពិតប្រាកដ ស្របតាមកម្មវិធីនយោបាយរបស់គណបក្សដែលបានដាក់ចេញ គឺមិនមែនផ្អែកលើសម្តីយើងនិយាយទេ តែគឺផ្អែកលើទង្វើជាក់ស្តែង និងលទ្ធផលការងារ ជាពិសេស គឺការប្តេជ្ញាចិត្តខ្ពស់, ការហ៊ានលះបង់ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងក្រុមការងារទាំងអស់ ហើយដឹងផ្លូវដែលត្រូវដើរ និងត្រូវដើរស្របទិសជាមួយគ្នា ទើបទទួលបានជោគជ័យ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល និងគណបក្សខេត្ត ស្តីពី​​ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សា​ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីដណ្តើមជ័យជម្នះជូនគណបក្ស ដូចការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កន្លងទៅនេះផងដែរ។ ជាមួយនេះ ក៏ត្រូវយកចិត្តទុកដាក់ដល់ការងារកសាងសមាជិកគណបក្ស ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស ស្របតាមគោលការណ៍៖ សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក។ ក្រៅពីនេះ ក៏ត្រូវត្រៀមរៀបចំលក្ខណៈឱ្យបានល្អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតនៅឆ្នាំ២០២៨ ខាងមុខ ដោយក្នុងនោះ ការត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេន ដោយឈរលើគោលការណ៍៖ រក្សាចាស់បង្កើនថ្មី និងក្មេងគោរពចាស់ គឺជាកិច្ចការអាទិភាពមួយ។

ឯកឧត្តម វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ​ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា, អយុត្តិធម៌សង្គម ពិសេសការដោះស្រាយ និងលើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់និងបង្ក្រាបអំពើឆបោក និងបទល្មើសធនធានធម្មជាតិ ព្រមទាំងបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះនឹងប្រឈមមុខការវះកាត់។