May 19, 2024

ឯកឧត្តម វង្ស៉ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះ​បណ្តាល​ស្តីពី «ការវិវត្តនៃវិធាន​ពាណិជ្ជកម្ម​នៅកម្ពុជា»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយក​រដ្ឋ មន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

វគ្គបណ្តុះ​បណ្តាល​ស្តីពី «ការវិវត្តនៃវិធាន​ពាណិជ្ជកម្ម​នៅកម្ពុជា» ធ្វើ​បទបង្ហាញដោយឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស។ សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល​នេះ ជាមន្ត្រីរាជការមកពីតាមក្រសួង ស្ថាប័ន និងអង្គភាព​ចំណុះ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាព​សហព័ន្ធយុវជន​កម្ពុជា​វិស័យ​ទីស្តីការគណៈរដ្ឋមន្រ្តី សរុបប្រមាណ ៤៥០នាក់។

នេះជាវគ្គបណ្តុះបណ្តាលលើកទី២ បន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ «ការរៀបចំគោល​នយោ​បាយ​សេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា» នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដើម្បីពង្រឹង​សមត្ថភាពគុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធិភាព និងផលិតភាព​ការងារ​ឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ៕