May 24, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខយោធិន នៃកងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក, ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនគរបាលទិសភូមិភាគទី៣, ទី៤ និងទី៥ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលអមដំណើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយដោយបានមកជួបកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែនសារជាថ្មីម្តងទៀត ជាពិសេសនាយទាហាន នាយ​ទាហានរង និងពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋ​មន្រ្តី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការចុះមកជួបបងប្អូនយោធិនដោយផ្ទាល់ ក្នុង​ពេលនេះ គឺក្នុងស្មារតីគោរព ស្រលាញ់ ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ នៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមេត្រីភាព, ទីស្តីការគណៈរដ្ឋមន្រ្តីមានការប្តេជ្ញាចិត្តខ្ពស់ ហើយនឹងខិតខំជួយកងពលធំអន្តរាគមន៍លេខ៣ ទាំងស្មារតី និងសម្ភារៈ តាមសមត្ថភាព និងលទ្ធភាពជាក់ស្តែងជាអតិបរមា ដើម្បីជួយធ្វើឱ្យបងប្អូនយើងអាចឈរជើងកាន់​តែរឹងមាំ និងអាចបំពេញនូវភារកិច្ចការពារជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយអង្គភាពកាន់តែមានការអភិវឌ្ឍ និងមានការប្រែប្រួលមុខមាត់ជាលំដាប់ ជាពិសេសបងប្អូនយោធិន និងក្រុមគ្រួសារទាំងអស់ ឱ្យកាន់តែមានជីវភាពធូរធារ ដូចជាតាមរយៈការបង្កបង្កើនផលផ្សេងៗជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ពិតណាស់ការចុះសាកសួរសុខទុក្ខបងប្អូនយោធិនកងពលធំអន្តរាគមន៍លេខ៣ នាពេលនេះ គឺជាលើកទី១ ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមេត្រីភាពរវាងទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីរូបឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ ផ្តល់សេចក្តីទុកចិត្តឱ្យដឹកនាំស្ថាប័ននេះ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមក ឯកឧត្តមក៏ធ្លាប់បានចូលរួមកិច្ចការនេះច្រើនផងដែរ ជាពិសេសគឺឯកឧត្តមមានភ័ព្វសំណាងបានចូលរួមបំពេញបេសកកម្មការងាររួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងក្របខណ្ឌក្រុមការងារតាមដានការអនុវត្តគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល តាមបណ្តោយខ្សែក្រវាត់ព្រំដែន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាព និងការហ្វឹកហ្វឺន ព្រមទាំងដោះស្រាយការខ្វះខាត និងលំបាកផ្សេងៗរបស់កងទ័ព ទាំងថវិកា សំលៀកបំពាក់ សម្ភារៈបរិក្ខារ ស្បៀងអាហារ ទាំងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យយុទ្ធសាស្រ្តការពារជាតិ សំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់កងទ័ព ដែលពេលនោះ សម្តេចធិបតី គឺជានាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏មានប្រសាសន៍ឡើងផងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប និងជាប្រជាពលរដ្ឋម្នាក់, ឯកឧត្តមចង់ឃើញកងទ័ពយើងកាន់តែរឹងមាំរីកចម្រើន, មានជំនាញឯកទេសកាន់តែខ្ពស់ និងមានសមត្ថភាពកាន់តែខ្លាំងជាងមុន ព្រោះកងទ័ពជាកម្លាំងស្នូលមិនអាចខ្វះបានរបស់ប្រទេសជាតិ ទាំងនៅក្នុងក្របខណ្ឌនៃខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពដែនដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល ក៏ដូចជាទាំងនៅក្នុងការជួយប្រទេសជាតិ និងប្រជាជនដែលជួបគ្រោះមហន្តរាយ ឧបទ្ទវហេតុ ឬ វិបត្តិ និងពេលមានគ្រោះអាសន្នផ្សេងៗជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទំាងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកន្លងមក បានខិតខំយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងស្មារតីឥតរាថយយ៉ាងអង់អាចក្លាហាន និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិកម្ពុជាមិនឱ្យមានការបាត់បង់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានផ្តល់នូវការលើកទឹកចិត្តដល់បងប្អូនយោធិនក្នុងការបន្តនូវបេសកកម្មការពារអធិបតេយ្យជាតិ និងយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន ដើម្បីបង្កើនសមត្ថភាពជាប់ជាប្រចាំ។ ដើម្បីជួយពង្រឹងការងារហ្វឹកហ្វឺនដល់កងទ័ព និងតាមសំណើរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រកាសផ្តល់ការឧបត្ថម្ភថវិកាចំនួន ៤ ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារស្នាក់នៅរបស់សិក្ខកាមចំនួន ១ ខ្នង និងឧបត្ថម្ភថវិកាចំនួន ២០ លានរៀលផ្សេងទៀត សម្រាប់រៀបចំអាហារសាមគ្គី ក្នុងទីបញ្ជាការ។